ករណីជញ្ជីងថ្លឹងឡាននៅខេត្តកំពង់ធំ ដែលប្រែក្លាយទៅជញ្ជីងថ្លឹងលុយ ថ្នាក់លើមិនទាន់មានវិធានការទេ ចាំមើល តើ រដ្ឋមន្ត្រីក្រសួងសាធារណការ អង្គភាពប្រឆាំងអំពើពុករលួយ ACU និងអភិបាលខេត្តកំពង់ធំ ចាត់វិធានការនៅពេលណា ?

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

ភ្នំពេញ៖ រឿងជញ្ជីងថ្លឹងឡាននៅខេត្តកំពង់ធំ ដែលប្រែទៅជាជញ្ជីងថ្លឹងលុយ ឡានដឹកខ្សាច់ ឬ ឡានដឹកទំនិញលើស ទម្ងន់ច្រើនតោន បង់១៥ម៉ឺនរៀល មិនបាច់ចូលថ្លឹង តើក្រសួង និងអង្គភាពប្រឆាំងអំពើពុករលួយ ACU ត្រូវមានចំណាត់ការលើប្រធានជញ្ជីង និងប្រធានមន្ទីរសាធារណការ បែបណា ? ព្រោះរឿងនេះកំពុងទទួលបាននូវចំណាប់អារម្មណ៏ពីមហាជន ដោយអំពើពុករលួយរបស់លោក ផន ម៉ៅ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រាសាទ ផ្លូវជាតិលេខ៦ ស្រុកសន្ទុក និងលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ដែលគេមើលឃើញយ៉ាងច្បាស់ ខណៈលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងឡានលើផ្ទៃប្រទេស អសមត្ថភាពឬ គ្មានឆន្ទះ ទប់ស្កាត់ទើបបណ្ដោយអោយកើតមានអំពើពុករលួយបែបនេះ។

ចំពោះករណីនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកទេសរដ្ឋមន្ត្រី​ ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំេពើពុករលួយ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ មិនទាន់ឃើញបញ្ចេញចំណាត់ការលើលោក ផន ម៉ៅ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រាសាទ ផ្លូវជាតិលេខ៦ ស្រុកសន្ទុក និងលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ

បញ្ហាអំពើពុករលួយពេញ នៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រាសាទ ផ្លូវជាតិលេខ៦ ស្រុកសន្ទុក ខេត្តកំពង់ធំ មានលោក ផន ម៉ៅ ជាប្រធាន បច្ចុប្បន្នកំពុងល្បីល្បាញដោយអំពើពុករលួយ តាមរយៈបញ្ជាអោយកូនចៅចាំយកលុយក្បាលឡានប្រចាំថ្ងៃផង ប្រចាំខែផង។ ប៉ុន្តែលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងឡានលើផ្ទៃប្រទេស បានរក្សាភាពស្ងៀមស្ងាត់ បណ្ដោយមេជញ្ជីងទាំងនេះធ្វើអ្វីតាមចិត្ត តើនេះមកពីលោក សេង ឈួន អសមត្ថភាពឬ ខ្វះឆន្ទះ ក្នុងការដឹកនាំការងារ។

ករណីនេះ លោក សេង ឈួន លោកជាមេជញ្ជីងថ្លឹងរថយន្តលើផ្ទៃប្រប្រទេស​ លោក មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តប្រាសាទ ផ្លូវជាតិលេខ ៦ ស្រុកសន្ទុក ខេត្ត​កំពង់ធំ​ ឈ្មោះ ផន ម៉ៅ ដែលបានឃុបឃិតគ្នាជាមួយ និងម្ចាស់រថយន្តដឹកខ្សាច់ ដឹកទំនិញផ្ទុកលើសទម្ងន់ច្រើនតោន មិនអោយចូលថ្លឹង​ ជាថ្នូ និងការបង់ប្រាក់ចំនួន១៥ម៉ឺនរៀល ទៅក្រុមមន្ត្រីជញ្ជីងប្រាសាទ សម្រាប់ឡានមួយគ្រឿង បើកឆ្លងកាត់ម្ដងៗនោះ។

 

ប្រភពបានឲ្យដឹងថា ក្រុមឈ្មួញដែលប្រើរថយន្តធុនធំដឹកទំនិញ ដឹកកសិផល ផ្ទុកលើសទម្ងន់ ក៏អាចបើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក មិនចាំបាច់ចូលថ្លឹងឡើយ ឲ្យតែម្ចាស់រថយន្តទាំងនោះយល់ព្រមបង់លុយតាមការកំណត់របស់លោក ផន ម៉ៅ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ជាងនេះទៅទៀតលោក ផន ម៉ៅ តែងលើកឈ្មោះ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ដើម្បីការពារទង្វើរបស់ខ្លួន ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ករណីលោក ផន ម៉ៅ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តប្រាសាទ ត្រូវបានបកស្បែកមុខដោយលោក ស៊ិន វិរៈ​ ព្រះ​រាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត​កំពង់ធំ​ និង លោក​ សុខ​ លូ​ អភិបាល​ខេត្ត​កំពង់ធំ ប្រធាន​គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត​កំពង់ធំ​ រួមចំណែកដឹកនាំបញ្ជាផ្ទាល់ដោយ​លោក សាយ វាសនា ​ព្រះ​រាជអាជ្ញា​រង និងកម្លាំង​​កងរាជអាវុធហត្ថខេត្តកំពង់ធំ ​បានចុះ​បង្រ្កាប ឡាន ប្រភេទវេអង ដឹកខ្សាច់លើសចំណុះច្រើនតោន បានចំនួន២គ្រឿង នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០​ ស្ថិតនៅភូមិវាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានចម្ងាយជិតគ្នា និងស្ថានីយជញ្ជីងថ្លឹងរថយន្តប្រាសាទ ។ ចំពោះការបង្ក្រាប់នេះ បានធ្វើឡើងក្រោយពីទទួលបានព័ត៌មានថា នៅក្នុងមួយយប់ៗមានឡាន ចំនួនចន្លោះពី៣០ ទៅ៤០
ឡាន បានដឹកខ្សាច់លើសចំណុះ និងបានបើកចេញពីស្រុកស្ទឹងត្រង់ ខេត្ត​កំពង់ចាម ឆ្ពោះទៅខេត្តសៀមរាប ដើម្បីដឹកខ្សាច់ទៅលក់អោយក្រុមហ៊ុនទទួលសាងសង់ ព្រលានយន្តហោះថ្មី ដោយឆ្លងកាត់មុខជញ្ជីងថ្លឹងរថយន្តប្រាសាទ ប៉ុន្តែមិនបានឈប់ និងចូលថ្លឹងទេ។ ព្រោះមានការឃុបឃិត តាមរយៈបង់ប្រាក់ចំនួន១៥មុឺនរៀលអោយដល់មន្ត្រីជញ្ជីងថ្លឹងរថយន្តប្រាសាទ ដែលនៅក្រោមការបង្គាប់ និងបញ្ជាពីលោក ផន ម៉ៅ ប្រធានជញ្ជីងប្រាសាទ។

ចំពោះរឿងស្ទាក់ចាប់ រថយន្តធុនធំពីរគ្រឿង ប្រភេទ វេអង
ដឹកខ្សាច់ លើសទម្ងន់ នឹងពាក់ស្លាកលេខភ្លែងក្លាយ មកក្រុមបំផ្លិចបំផ្លាញ ផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិរបស់ជាតិបានប្រើល្បិច ឱ្យរថយន្តធុនយក្ស បើកគេចវេសជញ្ជីង តាមរយៈការសូកលុយនេះ គឺជាការបកស្បែកមុខរបស់លោក ផន ម៉ៅ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តប្រាសាទ អោយមហាជនបានឃើញនូវទង្វើអាក្រក់របស់លោក ផន ម៉ៅ និងបក្ខពួកដោយចំហរ។

សូមរំលឹកថា ពេលនោះតៃកុង​រថយន្ត ​វេ​ អង ​ដឹកខ្សាច់​ ឈ្មោះ ​អៀង វិល័យ រស់នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំស្វាទៀប ស្រុក​ចំការលើខេត្ត​កំពង់​ចាម​ ដែលត្រូវចាប់ខ្លួន បានអះអាង​ថា រាល់​ពេលរថយន្តរបស់លោក បើកមកដល់ជញ្ជីង គឺមិនបាច់ចូលថ្លឹង គឺបង់តែ១៥ម៉ឺនរៀល ជាការស្រេច។ ហើយរថយន្តរបស់លោកចំនួន ២គ្រឿង​ ពាក់ស្លាកលេខដូចគ្នា 3A¬6578 ដោយមួយគ្រឿងមានពន្ឋ មួយគ្រឿងទៀត អត់មានពន្ធនោះទេ ដោយសាររថយន្ត កាត់​តកែច្នៃ​ពី៥តោន ជាមករថយន្ត វេ អង អញ្ចឹងគឺមានផ្លាក់លេខតែមួយ។

មហាជនជាច្រើនកំពុងទន្ទឹងរងចាំមើលចំណាត់ការរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកទេសរដ្ឋមន្ត្រី​ ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំេពើពុករលួយ រួមនិងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក្នុងការទប់ស្កាត់រឿងអំពើពុករលួយរបស់លោក ផន ម៉ៅ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តប្រាសាទ រួមនិងបក្ខពួក ជាពិសេស លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ដើម្បីព្រមានដល់មន្ត្រីខិលខូចដ៏ទៃទៀត តើចាត់វិធានការនៅពេលណា ? ព្រោះរឿងនេះបានកើតឡើងជាយូខែមកហើយ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News