
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន១៨០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា បច្ចុប្បន្នលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី កំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងគឃ្លើន។ ជាក់ស្តែងថ្មីៗនេះករណីជញ្ជីងថ្លឹងរថយន្តនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ស៊ីភ្នែកជញ្ជីងខុសប្រក្រតីត្រូវបានម្ចាស់រថយន្តដឹកទំនិញបិទផ្លូវតវ៉ា ដោយធ្វើឲ្យមជ្ឈដ្ឋាននានាមើលឃើញយ៉ាងច្បាស់នូវអំពើពុករលួយរបស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី តែម្តង។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេងឈួនមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសមិនគួរបណ្តែតបណ្តោយឲ្យលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ។

តាមការបង្ហើបពីមន្ត្រីរាជការក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ទេនោះគឺលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តទេ។ ប្រភពបានឲ្យដឹងទៀតថា ក្រោយពេលទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ជំនួសលោក គឺម សុវណ្ណ ត្រឹមមួយរយៈពេលខ្លីគឺលោក សុក ចាន់ថា និងលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី រួមដៃគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងងងើល។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរបណ្តែតបណ្តោយឲ្យលោក សុក ចាន់ថា និងលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី សាងភាពល្បីល្បាញខាងពុករលួយកាន់តែខ្លាំងក្លាថែមទៀតនោះទេ។

ថ្មីៗនេះអ្នកបើកបររថយន្តដឹកទំនិញម្នាក់បានលាតត្រដាងយ៉ាងច្បាស់នូវទង្វើមិនប្រក្រតីរបស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ភូមិកូនដំរិ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដើម្បីឲ្យមហាជនបានដឹងជាសាធារណៈ។ អ្នកបើកបររថយន្តរូបនោះបានឲ្យដឹងថា គាត់ដឹកជញ្ជូនទំនិញពីភ្នំពេញទៅប៉ោយប៉ែត ដោយចូលថ្លឹងតាមស្ថានីយ៍ជាច្រើនកន្លែងលើផ្លូវជាតិលេខ៥ គឺរថយន្តរបស់គាត់មានទម្ងន់ត្រឹម៤២តោនប៉ុណ្ណោះ។ ប៉ុន្តែចម្លែកនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី បែរជាថ្លឹងឃើញដល់ទៅ៤៥តោន ហេតុនេះហើយទើបគាត់សម្រេចបិទផ្លូវដើម្បីតវ៉ា កុំឲ្យមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ស៊ីភ្នែកជញ្ជីងតាមអំពើចិត្តទៀត៕











