
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
កណ្ដាល៖មេក្លោងធំ៖ឃុបឃិតលក់អាចម៍ដី ពីគម្រោងស្ដារបឹងបែកក្អម ដែលមានទំហំ៥៤ ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល ត្រូវបានបែកធ្លាយហើយ ដោយក្នុងនោះមានអនុរដ្ឋលេខាធិការក្រសួងធនធានទឹក ឈ្មោះ ចាន់ ស៊ីណាត និងប្រធានមន្ទីរធនធានទឹកខេត្តកណ្ដាល ឈ្មោះ អ៊ុក វណ្ណា មន្ត្រីជំនិតរបស់ប្រធានមន្ទីរឈ្មោះ ឡេង រួមនិងអភិបាលស្រុកមុខកំពូល តុង ស៊ីវមី ផងដែរ។
ករណីឃុបឃិតគ្នាលក់អាចម៍ដី ពីគម្រោងស្ដារបឹងបែកក្អមគឺ ព្រួញមួយបាញ់បានសត្វពីរ ដោយទទួលបានផល់ចំណេញពីការចំណាយថវិកាជាតិផង និងការឃុបឃិតគ្នាលក់អាចម៍ដី ក្នុង១ហិកតាតម្លៃ៣មុឺនដុល្លា គឺ លក់អាចម៍ដី ក្រោមលេសស្ដារអភិវឌ្ឍន៍ ស្ដារបឹងអូរ ធម្មជាតិ «ដីបឹងបែកក្អម»ផង។
គម្រោងស្ដារអភិវឌ្ឍន៍ បឹងអូរ ធម្មជាតិ ចំនួន២២កន្លែង នៅស្រុកមុខកំពូល ខេត្តកណ្ដាល ជាហេតុនាំឱ្យអនុរដ្ឋលេខាធិការក្រសួងធនធានទឹក ឈ្មោះ ចាន់ ស៊ីណាត និងប្រធានមន្ទីរធនធានទឹកខេត្តកណ្ដាល អ៊ុក វណ្ណា រួមនិងអភិបាលស្រុកមុខកំពូល តុង ស៊ីវមី បានសំងំប្រមូលលុយ និងកើបលុយ បានរាប់សិបម៉ឺនដុល្លារយ៉ាងស្ងៀមស្ងាត់ ។

ប្រភពបានអះអាងថា៖ ដីបឹងបែកក្អម មន្ត្រីធនធានទឹកខេត្តកណ្ដាល បានកំណត់លក់អាចម៍ដីឱ្យឈ្មួញ ក្នុង១ហិកតា តម្លៃ៣មុឺនដុល្លា អញ្ចឹង ដីបឹងបែកក្អម ទំហំ ៥៤ហិកតាគិតជាទឹកប្រាក់ ស្មើនឹង ១.៦២មុឺន (មួយលានហុកសិបពីរម៉ឺនដុល្លារ ខណៈបច្ចប្បន្ន៖ ឈ្មួញជាថៅកែគ្រឿងចក្រនិមួយៗ កំពុងដណ្ដើមគ្នាទិញស្ដារអាចម៍ដី បឹងបែកក្អម យ៉ាងគគ្រឹកគគ្រេង ដោយប្រើគ្រឿងចក្រខ្នាតធំ សុទ្ធតែប្រភេទកង់១០ យីឌុប រាប់សិបគ្រឿងដឹកជញ្ជូនមកចាក់ដីឡូត៍ឯកជន គ្មានឈប់ឈរ ដើម្បីកាយយកអាចម៍ដី បឹងបែកក្អម ទៅចាក់តាមដីឡូត៍ និងបុរីនានា តាមទីផ្សារនិងតម្រូវការអតិថិជន នៅតំបន់នោះ។ នេះបើយោងតាមប្រភពពីពលរដ្ឋនិងថៅកែគ្រឿងចក្រ ដែលបានទិញអាចម៍ដីនៅទីនោះ។
ជាក់ស្ដែង៖ ថៅកែអ្នកម៉ៅការ ចាក់ដីឡូត៍ម្នាក់បានអះអាងថ្មីនេះថា៖ ខ្លួនពិតជាបានទិញអាចម៍ដីពី ដីបឹងបែកក្អម ពីមន្ត្រីធនធានទឹកខេត្តកណ្ដាលឈ្មោះ ឡេង ប្រាកដមែន ដោយក្នុង១ហិកតាតម្លៃ៣មុឺនដុល្លាជាកំហិត។ ហើយក្នុងនោះរូបគាត់បានទិញចំនួន៤ហិកតារួចមកហើយ ស្មើនឹង១២ម៉ឺនដុល្លារ នឹងបានប្រគល់លុយឱ្យគេរួចរាល់ហើយដែរ ខណៈពេលនេះ លោកកំពុងដាក់គ្រឿងចក្រជាច្រើនគ្រឿង ដើម្បីស្ដារជីកដីបឹងបែកក្អម យកអាចម៍ដី មកចាក់ឱ្យដីឡូត៍ជាបន្តបន្ទាប់។

តាមការលើកឡើងរបស់ថៅកែគ្រឿងចក្រខ្នាតយក្ស រូបនោះ គឺបច្ចុប្បន្ន ខ្លួនកំពុងចរចាទិញអាចម៍ដី បឹងបែកក្អមចំនួន២ហិកតាបន្ថែមទៀត ដើម្បីកាយដឹកមកចាក់បំពេញតម្រូវការដីឡូត៍។ ជាមួយគ្នានោះ តៃកុងរថយន្តយីឌុបម្នាក់ បានបញ្ជាក់ថា៖ ដីបឹងបែកក្អម ទំហំជាង៥០ហិកតា គឺត្រូវបានមន្ត្រីធនធានទឹក ខេត្តកណ្ដាលដាក់ថ្លៃកំណត់លក់ អាចម៍ដីឱ្យថៅកែៗគ្រឿងចក្រ ប្រមាណជា៥ក្រុម។ ចំពោះក្រុមខ្លះទិញបាន៣ហិកតា ក្រុមខ្លះ បាមទិញ១០ហិកតា និងខ្លះទៀតទិញបាន២០ហិកតាក៍មាន ។ ហើយខណៈនេះ ថៅកែគ្រឿងចក្រ និមួយៗកំពុងសម្រុក ជីកកកាយដឹកជញ្ជូនដីបឹងបែកក្អម ដើម្បីចាក់នៅតាមដីឡូត៍និងបុរីនានា។ ព្រោះតែទិញអាចម៍ដី អស់លុយច្រើន ទើបម្ចាស់គ្រឿងចក្រនិមួយៗ បង្ខំដាក់គ្រឿងចក្រ ជីកស្ដារឱ្យបានមុនរដូវភ្លៀង មុនទឹកហូរចូលរណ្ដៅ ។
ទាក់ទងព័ត៌មាននេះ គេហទំព័រ ផែនដីថ្មី ពុំអាចសុំការបំភ្លឺពីលោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្ដាល បានទេ។ចំណែក លោកចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក បានប្រាប់ ផែនដីថ្មី ថា អត់មានលក់អាចម៍ដី ពីគម្រោងស្ដារបឹងបែកក្អមទេ ដោយអាចម៍ដី ដែលយកពីក្នុងបឹងបែកក្អម ត្រូវយកមកចាក់ធ្វើទំនប់ទប់ទឹក។
តាមប្រជាពលរដ្ឋបានអះអាងថា អាចម៍ដី ពីគម្រោងស្ដារបឹងបែកក្អម ត្រូវថៅកែគ្រឿងចក្រដឹកយកទៅលក់ ក្នុងមួយថ្ងៃរាប់ពាន់ឡាន ប្រសិនបើគេយកអាចម៍ដី មកចាក់ធ្វើទំនប់ ក៏មិនអស់ដែរ។ ដូច្នេះសម្ដីរបស់លោកចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក
ជាសម្ដីកុហក់បោកប្រាស់តែប៉ុណ្ណោះ។

បើទោះបីជាមន្ត្រីពាក់ព័ន្ធបានបដិសេធថា៖មិនបានលក់ដូរអាចម៍ដី យ៉ាងណាក្ដី ប៉ុន្តែថៅកែគ្រឿងចក្រ បានអះអាងថា ពួកខ្លួនពិតជាបានទិញដីបឹងបែកក្អម ប្រាកដមែន គឺ ក្នុង១ ហិកតា៣មុឺនដុល្លា ជាកំហិត ។ ប្រសិនជាពួកគាត់មិនទិញទេ គឺមិនអាចដាក់គ្រឿងចក្រចូលកាយយកអាចម៍ដីមកចាក់ឱ្យដីឡូត៍បានឡើយ។ យោងតាមការលើកឡើងរបស់មន្ត្រីពាក់ព័ន្ធ សបញ្ជាក់ឱ្យឃើញថា៖ ការស្ដារដីបឹងខាងលើរាល់ការចំណាយ គឺជាថវិការបស់ជាតិ!។ ប៉ុន្តែជាក់ស្ដែង៖ មន្ត្រីជំនាញ លក់អាចម៍ដីឱ្យឈ្មួញ បានលុយមួយជាន់! ទទួលគម្រោងស្ដារ បានលុយពីជាតិមួយជាន់ទៀត «គ្រប់ទឹកតែម្ដង។

ករណីនេះ សូមលោកលឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និងឧត្តុនិយម លោកទេសរដ្ឋមន្ត្រី ឱម យិន ទៀង អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងពាក់ព័ន្ធ គួរពិនិតផង។ ព្រោះតម្រូវការនៃការផ្គត់ផ្គងអាចម៍ដីនៅជុំវិញរាជធានីភ្នំពេញ និងខេត្តកណ្ដាល គឺតម្រូវខ្លាំងណាស់។ ហើយតម្លៃលក់អាចម៍ដីអោយឈ្មួញក៏មានតម្លៃខ្ពស់ដែរ មិនម៉ែនឈ្មួញអាចធ្វើសកម្មភាពមកកាយយកអាចម៍ដីទៅលក់អោយទទេៗ បានទេ បើមិនទិញពីមន្ត្រីជំនាញ និងអាជ្ញាធរដែលគ្រប់គ្រង «ដីបឹងបែកក្អម»នោះ៕










