ភ្នំពេញ៖លោកគឹង វណ្ណះ អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបានបុគ្គលពីរនាក់ប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងឆបោកលុយរាប់សិបម៉ឺនដុល្លារ និងរំលោភលើទំនុកចិត្ត និងពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចទូទាត់។
ម្ចាស់ដើមបណ្តឹងទាំងពីរនាក់មានដូចជា ទី១. លោកស៊ន សម្បត្តិ និងទី២. លោកស្រី សុខ ស្រីនី រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើទាមទារលុយដែលលោកគឹង វណ្ណះ ដែលបានជំពាក់ ដោយក្នុងនោះ លោកស្រី សុខ ស្រីនី ទាមទារលុយដែលជំពាក់ ៥០ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ៥ម៉ឺនដុល្លារ និងលោក ស៊ន សម្បត្តិ ទាមទារលុយដែលជំពាក់ ៣០ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ២ម៉ឺនដុល្លារ។
សូមរំម្លឹកថា លោកគឹង វណ្ណៈ ធ្លាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននិងនាំយកមកអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធករណីចេញសែកសស្អុយ។ បន្ទាប់ពីមានការអន្តរាគមន៍ និងសម្របសម្រួលជាមួយដើមបណ្តឹងលោកក៏ត្រូវដោះលែងវិញ។
ទាក់ទងករណីនេះ គេហទំព័រ ផែនដីថ្មី មិនអាចសុំការអត្ថាធិប្បាយពីលោកគឹង វណ្ណះ អភិបាលរងខេត្តបន្ទាយមានជ័យ បានទេនៅព្រឹកថ្ងៃទី១២ មករា ឆ្នាំ២០២៣នេះ៕










