លោក
ភ្នំពេញ ៖ រឿងអំពើពុករលួយរបស់លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ត្រូវបានលោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃកម្ពុជា បានចេញលិខិត គោរពជូន ទៅលោករដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និង លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ។
កម្មវត្ថុ : សំណើរសូម លោក ពិនិត្យសំណើរនិងរបាយការណ៍របស់មន្ត្រីមន្ទីរទេសចរណ៍ ពាក់ព័ន្ធនិងលោក អ៊ន់ ប៉ោសឿន ប្រព្រឹត្តអំពើពុករលួយ។
យោង- លិខិតសុំអន្តរាគមន៍របស់ប្រធានការិយាល័យជាច្រើន តំណាងមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ។
-របាយការណ៍និងពាក្យបណ្ដឹងជាច្រើនរបស់មន្ត្រីការិយាល័យនៃមន្ទីរទេសសចរណ៍ខេត្តស្ទឹងត្រែង។ ដែលលិខិតនេះបានធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗកន្លងទៅនេះ ។
តាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោក ជ្រាបថា មន្ត្រីបំរើការងារក្នុងមន្ទីរទេសចរណ៍ខេត្ត ស្ទឹងត្រែង បានធ្វើរបារការណ៍និងប្ដឹងលោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ពាក់ព័ន្ធនិងករណីមិន ប្រក្រតីជាច្រើន និងមិនពេញចិត្តក្នុងការគ្រប់គ្រងដឹកនាំរបស់លោក អ៊ន់ ប៉ោសឿន ។ ខ្ញុំបានអោយក្រុមការងារពិនិត្យលើ របាយការណ៍ ពាក្យបណ្ដឹងដែលបានដាក់ជូនទៅស្ថាប័នពាក់ព័ន្ធ មានក្រសួងទេសចរណ៍ និងអង្គភាពប្រឆាំងអំពើពុក រលួយ រួមទាំងការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានជាដើម និងបានជួបប្រធានការិយាល័យនៃមន្ទីរទេសចរណ៍ ជាច្រើនដែលបានរាយការណ៍ផ្ទាល់ រហូតមកដល់ពេលនេះគឺមន្ត្រីក្នុងមន្ទីរទេសចរណ៍ទាំងនោះ នៅមិនទាន់បានទទួលការ ឆ្លើយតប ប្រកបដោយតម្លាភាពនៅឡើយទេ ។
សរុបសេចក្តីមក គឺមន្ត្រីជាង ៩០ភាគរយ ដែលបំរើការនៅក្នុងមន្ទីរទេសចរណ៍ខេត្ត មិនពេញចិត្ត មិនគាំទ្រចំពោះ លោក អ៊ន់ ប៉ោសឿន ជាប្រធានមន្ទីរ និងទាមទារអោយមានការដោះស្រាយដោយតម្លាភាព ហើយក៍ធ្វើអោយប៉ះពាល់ អារម្មណ៍ ការងាររបស់មន្ត្រីថ្នាក់ក្រោម ជាពិសេសប៉ះពាល់ដល់ថ្នាក់ដឹកនាំនិងគោលការណ៍របស់រាជរដ្ឋាភិបាលផងដែរ ។
អាស្រ័យហេតុនេះ សូម លោក ពិនិត្យសំណើរនិងរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមដោយតម្លាភាព។ សូមលោក ទទួលនូវការស្រលាញ់រាប់អានអំពីខ្ញុំ ។
សូមបញ្ជាក់ថា, លោក អ៊ន់ ប៉ោសឿន ជាប្រធានមន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង ទប់ទល់តំណែងរបស់ខ្លួនបានយូរ ទោះអំពើពុករលួយរបស់ សាបព្រោះពេញមន្ទីរ ពេញខេត្ត ល្បីដល់ក្រសួង ដល់អង្គភាព ប្រឆាំងអំពើពុករលួយ យូរមកហើយក្តី ។ ប៉ុន្តែនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃកម្ពុជា បានចេញលិខិត គោរពជូន ទៅលោករដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និង លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ពិនិត្យឡើងវិញរឿងភាពមិនប្រក្រតី នេះ ខណៈមានមន្ត្រីក្នុងមន្ទីរ ៩០ភាគរយមិនគាំទ្រ តើចុងក្រោយ ខាងអាជ្ញាធរខេត្ត សាមី ក្រសួងទេសចរណ៍ អាចរក្សាទុក បុគ្គលពុករលួយបែបនេះទៀតទេ !
សូមរំម្លឹកថា កន្លងទៅអង្គភាពព័ត៌មានជាច្រើន បានទទួលនូវពាក្យបណ្តឹង ជាមួយឯកសារ និងសំឡេងជាច្រើន ដែលមន្ត្រីគ្រប់ជាន់ថ្នាក់ បានប្តឹង លោកប្រធានមន្ទីរប្រព្រឹត្តអំពើពុករលួយ តែលទ្ធផល ដំណោះស្រាយតាមនីតិវិធីពីស្ថាប័ន ពាក់ព័ន្ធ មិនទាន់ផ្តល់យុត្តិធម៌ ដល់មន្ត្រីនៅឡើយទេ។
សូមបញ្ជាក់ថា, មន្រ្តីរាជការនៃមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងមានតួនាទីចាប់ពីថ្នាក់អនុប្រធានមន្ទីរ ចំនួន ០២ រូប, ប្រធានការិយាល័យទាំង ៦ រូប, រួមជាមួយអនុប្រធានការិយាល័យ និងមន្រ្តីមួយចំនួនទៀត បានផ្តឹតមេដៃស្នើសុំអោយ អង្គភាពប្រឆាំងអំពើរពុករលួយ , ទៅក្រសួងទេសចរណ៍ ,និងរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីស្នើសុំជួយពិនិត្យ និងដោះស្រាយបញ្ហាការប្រព្រឹត្តអំពើពុករលួយរបស់ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត ចាប់តាំងពីខែ មេសា ឆ្នាំ ២០២២ រហូតមកដល់បច្ចុប្បន្ននៅមិនទាន់មានដំណោះស្រាយនៅឡើយ ។
មន្ត្រីបានបន្តថា, (សូមបញ្ជាក់ថា លោក ប្រធានមន្ទីររូបនេះ ត្រូវបាន មន្រ្តីក្រោមឱវ៉ាទប្តីងជាលើកទី៣ហើយកាលពីឆ្នាំ២០១៨មក តែមិនអាចធ្វើអ្វីលោកបានទេ )។
មន្ត្រីលើកឡើងថា, លោក អ៊ន់ ប៉ោសឿន ដែលបានឡើងកាន់មុខតំណែងជាប្រធានមន្ទីរអស់រយៈពេលជាង ៨ ឆ្នាំកន្លងមកនេះ លោកប្រធានមន្ទីររូបនេះបានប្រព្រឹត្តអំពើពុករលួយជាហូរហែដោយមិនមានខ្លាចក្រែងអ្នកណាឡើង ដោយប្រើប្រាស់ថវិការបស់អង្គភាពមិនចំគោលដៅ និងប្រើសិទ្ធិអំណាចផ្តាច់ការលើមន្រ្តីក្រោមឱវាទរបស់ខ្លួនដោយគ្មានស្តាប់មតិយោបល់ចូលរួមរបស់មន្ត្រីណាឡើយ ។ សកម្មភាពប្រព្រឹត្តអំពើពុករលួយ និងភាពមិនប្រក្រតីរបស់ លោក អ៊ន់ ប៉ោសឿន ដូចខាងក្រោម៖
១- លោក អ៊ន់ ប៉ោសឿន តែងតែខ្ចីលុយគេយកមកប្រើប្រាស់ រួចដកយកថវិកាអង្គភាពទៅសងលុយជំនួសទាំងដើមទាំងការប្រាក់ ដោយលើកហេតុផលថា, ថវិកាទាំងនោះយកមកប្រើប្រាស់ចរន្តការងារក្នុងអង្គភាព តែតាមការពិតលោកយកមកចំណាយសម្រាប់ការងារផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។ មានឯកសារយោងដូចជា ឯកសារខ្ចីលុយពីខាងក្រៅ ឯកសារសងការប្រាក់ មានឯកសារកត់ត្រាចំណាយដែលលោកដកសងគេ និងលុយដើមរបស់គេ សារសំលេងម្ចាស់លុយទារលុយនិងមានឯកសារយោងជាច្រើនទៀត ) ។

២. លោក អ៊ន់ ប៉ោសឿន ប្រើប្រាស់ថវិកាជំនួសការិយាល័យជំនាញ ។ ចំពោះការិយាល័យជំនាញ ក្នុងមន្ទីរទាំងអស់មិនដែលបានធ្វើការចំណាយលើសកម្មភាពការងាររបស់ខ្លួននោះទេ ។
៣. លោក អ៊ន់ ប៉ោសឿន តែងតែកាត់ប្រាក់បៀវត្សមន្ត្រីកិច្ចសន្យារៀងរាល់ឆ្នាំ និងកាត់ប្រាក់បេសកកម្មមន្រ្តី ដោយលើកហេតុផលថាយកមកជួយបក្ស ។ មានឯកសារយោងដូចជា ( មានឯកសារយោងកាត់លុយមន្រ្តី មានឯកសារផ្ទេប្រាក់ចូលកុងលោកប្រធានមន្ទីរ និងសារសំលេងកាត់លុយមន្រ្តី ) ។
៤- លោក អ៊ន់ ប៉ោសឿន តែងតែងលួងលោម និងបង្ខិតបង្ខំឲ្យមន្ត្រីមួយចំនួនខ្ចីប្រាក់បៀវត្សរបស់ខ្លួនឯងពីធនាគារកាណាឌីយ៉ា ដើម្បីឲ្យលោកខ្ចី។ (មានឯកសារតាមប្រព័ន្ធ តេឡេក្រាម មានឯកសារកត់ត្រារបស់លោកប្រធាបមន្ទីរ និងមានសារសំលេងរបស់មន្រ្តី) ។
៥-លោក អ៊ន់ ប៉ោសឿន បានប្រើប្រាស់ទីតាំងមជ្ឈមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ខេត្តស្ទឹងត្រែងរបស់រដ្ឋ ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងបានជួយទីតាំងអោយឯកជនរៀបចំកម្មវិធីផ្សេងៗ ដោយប្រើប្រាស់ទឹក និងភ្លើងរបស់អង្គភាព ក្នុង១ខែ ជាង ២លានរៀល ហើយមិនដែលបានបង្វែរសាច់ប្រាក់ដែលជួលបានចូលមកអង្គភាពវិញទេ ។ មានរូបភាពធ្វើអាជីវកម្មផ្សេងៗ មានវិក័យបត្រជួល និងមានវិក័យបត្រប្រើប្រាស់ទឹកភ្លើង ( បញ្ជាក់ កុងទ័រភ្លើងមានចំនួន ៣ កុងទ័រ ទើបប្រើប្រាស់គ្រាន់ ) ។
៦. លោក អ៊ន់ ប៉ោសឿន បានប្រើប្រាស់ប្រេងរបស់អង្គភាពតែម្នាក់ឯង លើសកម្មភាពការងារផ្ទាស់ខ្លួន និងបានប្រើប្រាស់ប្រេងត្រួតស៊ីគ្នាជាមួយបេសកម្ម មានន័យថាពេលលោកមានបេសកកម្មគឺបានទាំងលុយប្រេង និងបានទាំងសោហ៊ុយដឹកជញ្ជូនបន្ថែមទៀត ( មានឯកសារវិក័យបត្រចាក់ប្រេង និងឯកសារទូទាត់សោហ៊ុយដឹកជញ្ជូន ។ ចំពោះថវិកាប្រេងរបស់អង្គភាពក្នុង១ឆ្នាំចាប់ពី ២០ ទៅជាង ៣០លានរៀល តែបែរជាអង្គភាពប្រើប្រាស់មិនគ្រប់ ហើយថែមទាំងជំពាក់គេក្នុង ១ឆ្នាំ ជិត ២០លានរៀល បន្ថែមទៀត ( បញ្ជាក់រថយន្តអង្គភាពមានតែ ១គ្រឿង តែមានវិក័យបត្រចាក់ប្រេងខ្លះ ចាក់ម្តងជិត ៣០០ លីត្រក៏មានដែរ ។
ពាក់ព័ន្ធករណីខាងលើ ជុំវិញអំពីពុករលួយ របស់ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ គេហទំព័រ ផែនដីថ្មី មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
ករណីអំពើពុករលួយ របស់លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង មិនមែនជារឿងធម្មតា គឺមានឯកសារ មិនប្រក្រតី ជាច្រើន ដែលលោកបានចំណាយ ខុសគោលដៅ លិខិតខ្ចីប្រាក់យកឈ្មោះមន្ទីរទៅប្រើ សុទ្ធតែជា អំពើខុសឆ្គង ដែលថ្នាក់លើមានវិធានការតាមផ្លូវច្បាប់ ដូចអ្វីដែល លោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃកម្ពុជា លើកឡើងនៅពេលនេះ គួរមានវិធានការ អារសាច់ស្អុយចោល ដើម្បីអោយមាន ភាពយុត្តិធម៌ តម្លាភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា៕










