
📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494
កំពត៖ ដរាបណាប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន នោះវិស័យសាសនាក៏មានភាពរុងរឿងទន្ទឹមគ្នាដែរ។ នេះជាការបញ្ជាក់របស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃនៅវត្តចំនួនពីរក្នុងស្រុកឈូក។
លោកអភិបាលខេត្តកំពតបានមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ វត្តអារាមដែលជាទីសក្ការៈសម្រាប់ពុទ្ធបរិស័ទខ្មែរគោរពបូជា និងធ្វើបុណ្យតាមទំនៀមទម្លាប់ប្រពៃណីត្រូវបាន ប៉ុល ពត បំផ្លាញគ្មានសល់។ ប៉ុន្តែ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍជាលំដាប់។ ទន្ទឹមនឹងនោះ វិស័យពុទ្ធចក្រក៏បានរីកចម្រើន និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើឱ្យការគោរពប្រណិប័តន៍របស់ប្រជាពុទ្ធបរិស័ទមានភាពរុងរឿងព្រមគ្នាផងដែរ។ លោកអភិបាលខេត្តបានបន្តថា នាពេលបច្ចុប្បន្ន ប្រទេសជាតិពោរពេញដោយសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាងក្នុងការគោរពបូជាតាមសាសនាដែលមាននៅកម្ពុជារៀងៗខ្លួន។ ផ្តើមចេញពីទឡ្ហីករណ៍ទាំងនេះ សូមបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃគ្រប់អង្គ ក៏ដូចជាគ្រូអាចារ្យនៃសាសានានីមួយៗរួមគ្នាថែរក្សាវិស័យសាសនាឱ្យបានល្អ ព្រមទាំងបន្តយកចិត្តទុកដាក់ក្នុងការសាបព្រោះចំណេះដឹងជូនដល់កូនចៅជំនាន់ក្រោយៗទៀត។
លោក ម៉ៅ ធនិន ក្នុងឱកាសនេះ ឆ្លៀតថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងព្រះសង្ឃទូទាំងខេត្ត ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតយ៉ាងកុះករ។ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលប់បានបង្ហាញពីកិច្ចគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសឱ្យរីកចម្រើនទាំងអាណាចក្រ និងវិស័យសាសនានៅកម្ពុជា។ លោកអភិបាលខេត្តបានបញ្ជាក់ថា សំឡេងឆ្នោតដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យគ្មានគូប្រៀបនេះបានបង្ហាញពីការតបគុណសងគុណពីសំណាក់ព្រះសង្ឃ និងបងប្អូនជនរួមជាតិចំពោះស្ថាបនិកសន្តិភាពពិតៗ៕










