
ភ្នំពេញ ៖នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ» នៅព្រឹកថ្ងៃ២៩ ធ្នូ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមការងារសាងសង់ វិមានឈ្នះ ឈ្នះ ទាំងអស់ បានចំណាយទាំងកម្លាំងកាយចិត្ត និងថវិកា ក្នុងការកសាងសង់វិមាននេះ ខណៈការចំណាយទាំងនេះ គឺជាការបង្ហាញការសាមគ្គីគ្នាក្នុងការលើកកម្ពស់ និងការកសាងនូវមជ្ឈមណ្ឌល សម្រាប់ផ្ទុកនូវប្រវត្តិសាស្រ្តរបស់កម្ពុជា ទុកដល់កូនចៅជំនាន់ក្រោយ។


សម្ដេចធិបតីមានប្រសាសន៍ថា «ចឹងសួរថា វិមានឈ្នះ-ឈ្នះ សាងសង់ដើម្បីអ្វី? វិមានឈ្នះ-ឈ្នះ សង់ឡើងជានិមិត្តរូបខ្មែរទាំងអស់គ្នា សង់ជានិមិត្តរូបនៃសន្ដិភាព ហើយសួរថា ខ្មែរណា? មិនចង់បានសន្ដិភាព ចឹងទាំងអស់គ្នា ពិតជាចង់បានការបញ្ចប់សង្គ្រាម។ អីចឹងបានន័យថា វិឈ្នះ-ឈ្នះ នេះ សង់បានដើម្បីអី សង់ដើម្បីខ្មែរទាំងអស់»។
សម្ដេចធិបតីបន្ដថា សាងសង់នូវវិមានឈ្នះ ឈ្នះ មិនមែនសាងសង់ឡើងដើម្បីសម្រាប់ទុកនូវប្រវត្តិសាស្រ្តបុគ្គលណាម្នាក់នោះទេ មិនមែនធ្វើឡើងសម្រាប់តែ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនោះទេ តែធ្វើឡើងដើម្បីជាការបង្ហាញនូវប្រវត្តិសាស្រ្តពិតប្រាកដរបស់កម្ពុជា សម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយៗបានដឹង។
សម្ដេចនាយករដ្ឋមន្ដ្រីឲ្យដឹងទៀតថា «ចឹងសួរថា តើវិមានឈ្នះ ឈ្នះ សង់ដើម្បីអី គឺសង់ដើម្បីយើងទាំងអស់គ្នា និមិត្តរូបនៃសន្ដិភាព នៅលើទឹកដីរបស់យើង ហើយឲ្យសន្ដិភាពនេះ បន្ដនូវជារៀងរហូត ដើម្បីយើងធានា នូវការអភិវឌ្ឍប្រទេសជាតិរបស់យើង»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា ការសាងសង់វិមានឈ្នះ-ឈ្នះ នេះឡើង ដើម្បីនិមិត្តរូបខ្មែរទាំងអស់គ្នា និងនិមិត្តរូបនៃសន្ដិភាព ព្រោះប្រជាជនខ្មែរ ពិតជាចង់បានការបញ្ចប់សង្គ្រាម។
សូមបញ្ជាក់ថា តាមរយៈនយោបាយ ឈ្នះ ឈ្នះ គឺបាននាំនាវាកម្ពុជាឲ្យទទួលបាននូវសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ ដោយជោគជ័យ ហើយបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជនពីភាពក្រីក្រ មកជា ប្រជាជនមានចំណូលមធ្យមកម្រិតទាប និងឈានប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕











