អភិបាលខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អញ្ជើញសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាជូនដល់កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

កំពង់ធំ៖ស្បៀងអាហារគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់និងថវិកាមួយចំនួនត្រូវបានឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ខែមីនាឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះ សំណាលសាកសួរសុខទុក្ខ ឧបត្ថម្ភជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ដែល​និង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ខាងមុខ​នេះ​នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានចូលរួមចំណែកជាមួយវីរកងទ័ពនៃអង្គភាពកងយោធពលខេមរៈភូមិន្ទ ក្នុងការការពារបូរណភាពទឹកដីទប់ស្កាត់ការឈ្លានពានពីសំណាក់ប្រទេសថៃ។ ហើយកងកម្លាំងមួយផ្នែកទៀត​របស់​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បានយកចិត្តទុកដាក់យ៉ាងសកម្ម ក្នុងការសហការចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសការចូលរួមទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានលទ្ធផលជោគជ័យ តាមការប្រគល់ភារកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម នួន ផារ័ត្ន បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការ​អនុវត្តន៍​តាម​បទ​បញ្ជារបស់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ នៃ​កងយោធពលខេមរភូមិន្ទ​ ក្នុង​ភារកិច្ចការពារបូរណភាពទឹកដី ទប់ស្កាត់មិនឱ្យសត្រូវឃ្លានពានរំលោភដែលអធិបតេយ្យភាពយើងបានឡើយ។ ហើយកន្លងមក និងចំពោះមុខ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីសន្តិភាព និងការពារបូរណភាពទឹកដី ដោយបានទាមទារការដោះស្រាយខ្សែបន្ទាត់ព្រំដែនតាមរយៈយន្តការច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាដែលនៅជាធរមាន ដែលភាគីកម្ពុជា-ថៃ បានទទួលស្គាល់នាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅខ្សែបន្ទាត់ព្រំដែន តាមការប្រើប្រាស់កម្លាំងយោធា។

នៅក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន បានឧបត្ថម្ភជូនដល់កងកម្លាំង សម្រាប់​ប្រើ​ប្រាស់​ក្នុង​ភារកិច្ច​ការពារ​បូរណភាពនិង​ថវិកា​មួយ​ចំនួន​ជូន​ដល់​យោធិន​សម្រាប់​ចូល​រួម​អបអរ​សាទរ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ផង​ដែរ​ និង​សូម​ជូន​ពរ​ដល់​យោធិន​ទាំងអស់និង​ក្រុម​គ្រួសារ​ នៅក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ សូមទទួល​បាន​នូវ​សុខភាព​ល្អ​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ដែល​ជាតិនិង​ប្រជាជន​កម្ពុជា​ប្រគល់​ជូន។

​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ប្រកបដោយ​ភាព​កក់ក្ដៅ​ជាទីបំផុត​ និង​បានគូសបញ្ជាក់ អំពីតួនាទីភារកិច្ច របស់កងកម្លាំង ក្នុងភារកិច្ចការពារបូរណភាពទឹកដី ការពារជាតិ សាសនា និងព្រះមហាក្សត្រ។ ជាក់ស្ដែងក្នុងពេលមានសង្គ្រាមឈ្លានពាន ពីសំណាក់ទាហានថៃ ក្នុងឆ្នាំ ២០០៨ ដល់ ២០១១ កន្លងទៅ និងការរំលោភឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ជាទ្រង់ទ្រាយធំនៅក្នុងឆ្នាំ ២០២៥ កន្លងទៅនេះ។ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មួយផ្នែកក៏បានបញ្ជូនទៅចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនផងដែរ។ ក្រៅពីនោះទៀតដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានដូចជាការបង្ក្រាបបទល្មើសព្រៃឈើ និងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News