ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុងក្រោយ មុនឆ្ពោះទៅដំណើរការចាប់ផ្តើមការរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន លើកទី២៣ (23rd ACCSM) និងអាស៊ានបូក៣ លើកទី៨ (8th ACCSM+3)

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំអាស៊ាន នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦


បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុងក្រោយ មុនឆ្ពោះទៅដំណើរការចាប់ផ្តើមការរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន លើកទី២៣ (23rd ACCSM) និងអាស៊ានបូក៣ លើកទី៨ (8th ACCSM+3) ស្តីពីកិច្ចការមុខងារសាធារណៈ ក្រោមប្រធានបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង» ដែលនឹងចាប់ផ្តើមប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

ផ្អែកលើសេចក្តីរាយការណ៍អំពីរបាយការណ៍ និងការរៀបចំផែនការគ្រោងទុករបស់ក្រុមការងារអនុគណៈកម្មការនានានៃគណៈកម្មការអាស៊ាន បានបង្ហាញថា ក្រុមការងារតាមផ្នែកនីមួយៗដូចជាការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ ការទំនាក់ទំនង ការរៀបចំទទួលស្នាក់នៅនិងម្ហូបអាហារ ការរៀបចំកម្មវិធីនិងដំណើរកម្សាន្តតំបន់ប្រវត្តិសាស្រ្ត ការរៀបចំរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ និងការងារផ្សេងៗទៀត គឺក្រុមការងារបានអនុវត្ត និងត្រៀមផែនការយ៉ាងហ្មត់ចត់ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងនាមជាម្ចាស់ផ្ទះដ៏ល្អ។ បន្ថែមពីនេះ ក៏មានការចូលរួមជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សង្ឃឹមយ៉ាងមុតមាំថា ក្នុងនាមជាប្រធានប្តូរវេនរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន លើកទី២៣ (23rd ACCSM) និងអាស៊ានបូក៣ លើកទី៨ (8th ACCSM+3) ឆ្នាំ២០២៦ នេះ នឹងប្រឹងប្រែងបង្ហាញពីសក្ដានុពលរបស់កម្ពុជានៅក្នុងដំណើរវិវត្ត និងនវានុវត្តន៍នៃការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ តាមរយៈការអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ទៅកាន់ប្រទេសសមាជិកអាស៊ានទាំងអស់ឱ្យទទួលបានជ្រាប ដើម្បីលើកមុខមាត់ និងកិត្តិយសប្រទេសជាតិ កាន់តែមានភាពលេចធ្លោថែមមួយកម្រិតទៀត។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News