រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំយុទ្ធនាការសម្អាតទន្លេនៅខេត្តសៀមរាប ដើម្បីលើកកម្ពស់ទេសចរណ៍បៃតង និងនិរន្តរភាព

សៀមរាប៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «យុទ្ធនាការសម្អាតទន្លេដើម្បីលើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងកាត់បន្ថយសំណល់ប្លាស្ទិក» ក្រោមពាក្យស្លោកដ៏មានអត្ថន័យថា «ទន្លេដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីប្រជាជន និងប្រជាជនដើម្បីទន្លេគ្មានប្លាស្ទិក»។

យុទ្ធនាការដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តមអភិបាលខេត្ត, លោក Shifaz Ahmed តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ យុវជន ស.ស.យ.ក. យុវជនកាយឬទ្ធិ យុវជនអ.ម.ត. និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៦០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការចូលរួមសម្អាត និងកាត់បន្ថយសំណល់ប្លាស្ទិកនៅថ្ងៃនេះ គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតនៃវិស័យទេសចរណ៍ បរិស្ថាន និងសហគមន៍។ យុទ្ធនាការនេះមិនត្រឹមតែជួយកែលម្អសោភណភាពទន្លេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកអភិរក្សធនធានធម្មជាតិ រក្សាសន្តិសុខស្បៀង និងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ហួត ហាក់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការសម្អាតទន្លេ-សមុទ្រ (River Ocean Cleanup) តាមរយៈគម្រោងគ្រប់គ្រងសំណល់ប្លាស្ទិកនៅអាស៊ី និងប៉ាស៊ីហ្វិក ដែលទទួលបានការគាំទ្រពី មូលនិធិកូកាកូឡា (The Coca-Cola Foundation) និងអនុវត្តដោយ UNDP រួមជាមួយរដ្ឋបាលខេត្តសៀមរាប និងដៃគូពាក់ព័ន្ធទាំងអស់។ កិច្ចសហការនេះគឺជាកាតាលីករដ៏សំខាន់ក្នុងការជំរុញឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ «ស្អាត ឆ្លាត និងបៃតង» ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកាន់តែច្រើន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចថា ទន្លេគឺជាផលិតផលទេសចរណ៍ដែលមានសក្តានុពលខ្លាំង ជាពិសេសនៅតំបន់ចុងឃ្នៀស ខេត្តសៀមរាប។ ការធ្វើដំណើរកម្សាន្តតាមនាវា ការទស្សនាថ្ងៃរៀបលិច និងការស្វែងយល់ពីជីវភាពសហគមន៍តាមដងទន្លេ សុទ្ធតែជាបទពិសោធន៍ដែលមិនអាចខ្វះបានសម្រាប់ភ្ញៀវទេសចរ។

ជាចុងក្រោយ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «ការរក្សានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេ គឺជាការការពារអនាគតនៃវិស័យទេសចរណ៍ និងធានាដល់ជីវភាពរស់នៅរបស់មនុស្សជាតិគ្រប់ជំនាន់។ ទន្លេស្អាតនាំមកនូវទេសចរណ៍រីកចម្រើន ហើយទេសចរណ៍រីកចម្រើននឹងនាំមកនូវចំណូលកើនឡើងសម្រាប់ប្រជាជនយើង»។

យុទ្ធនាការនេះបានបង្ហាញពីស្មារតីសាមគ្គីភាពរវាងរាជរដ្ឋាភិបាល អង្គការដៃគូ និងវិស័យឯកជន ក្នុងការរួមគ្នាថែរក្សាបរិស្ថានទន្លេឱ្យបានស្អាតបរិសុទ្ធ ដើម្បីឧត្តមប្រយោជន៍សង្គម និងសេដ្ឋកិច្ចជាតិទាំងមូល៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News