ឯកឧត្តម សុខ សូកេន៖ ការបង្តើតឱ្យមានបណ្ណសារក្រសួងអធិការកិច្ច គឺពិតជាមានសារៈសំខាន់ ដើម្បីជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការសម្រេចចិត្ត ការគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៏ថា «ការបង្តើតឱ្យមានបណ្ណសារក្រសួងអធិការកិច្ច គឺពិតជាមានសារៈសំខាន់ ដើម្បីជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការសម្រេចចិត្ត ការគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន ព្រមទាំងការរក្សាការសម្ងាត់នៃការងាររបស់ក្រសួង»។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងបណ្ណសារក្រសួងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៅទីស្ដីការក្រសួង ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីស្តាប់នូវការធ្វើបទបង្ហាញលម្អិតពីថ្នាក់ដឹកនាំទទួលបន្ទុក ពិភាក្សាផ្លាស់ប្តូរយោបល់ឱ្យបានហ្មត់ចត់ និងផ្ដល់ធាតុចូលយ៉ាងផុសផុលទៅលើទម្រង់ ខ្លឹមសារសំខាន់ៗ និងគោលការណ៍គ្រឹះនានា ពាក់ព័ន្ធការងាររៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងបណ្ណសារនេះ ដើម្បីឱ្យកាន់តែមានភាពពេញលេញបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារទទួលបន្ទុក ដែលបានខិតខំប្រឹងប្រែងរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំនេះឡើង និងបានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវបន្តពិនិត្យ ពិភាក្សា ផ្ដល់ធាតុចូលសំខាន់ៗ ព្រមទាំងកែសម្រួលបន្ថែមលើចំណុចចាំបាច់នានា ដើម្បីធានាថាសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងបណ្ណសារក្រសួងនេះមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានសង្គតិភាពពេញលេញ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សំដៅឈានទៅសម្រេចបាននូវលិខិតបទដ្ឋានគតិយុត្តគ្រប់គ្រងបណ្ណសារមួយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ក្រសួងអធិការកិច្ច៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News