រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯ.ឧ សាយ សំអាល់ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិ នៃសហគមន៍តំបន់ការពារធម្មជាតិ ទឹកធ្លាក់ស្រែអំពិល ខេត្តកំពង់ឆ្នាំង និងទឹកធ្លាក់ច្រកល្អៀង ខេត្តពោធិ៍សាត់

កំពង់ឆ្នាំង-ពោធិ៍សាត់៖ ឯ.ឧ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនសាងសង់ ចុះពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិ នៃសហគមន៍តំបន់ការពារធម្មជាតិ ទឹកធ្លាក់ស្រែអំពិល ខេត្តកំពង់ឆ្នាំង និងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង ខេត្តពោធិ៍សាត់ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នាថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៣។


ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ក្នុងគោលបំណងចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ស្របតាមគោលនយោ បាយ របស់រាជរដ្ឋាភិបាលកម្ពុជា «ការអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលជាគោលដៅទេសចរណ៍ល្អឯក ប្រកបដោយការទទួលខុសត្រូវ មាននិរន្តរភាព ដោយមានការសាងសង់តូបលក់ម្ហូបអាហារ ខ្យុះអង្គុយលំហែកម្សាន្ត កសាងបន្ទប់ទឹក ចំណតម៉ូតូ និងយានយន្ត កន្លែងបោះតង់ កែលម្អ និងរៀបចំសួនច្បារ និងផ្លូវថ្មើរជើង ដោយមានជណ្តើរទ្បើងចុះ ឱ្យមានសោភ័ណភាព សំដៅទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលទៅទស្សនាកម្សាន្ត កាន់តែច្រើនទ្បើងថែមទៀត។


ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាសហគមន៍ ក៏ដូចជាការកាត់បន្ថយការពឹង អាស្រ័យលើផល និងអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃ។ យ៉ាងណាមិញ ការរៀបចំហេដ្ឋារចសម្ព័ន្ធ ក្នុងសហគមន៍តំបន់ ការពារធម្មជាតិនេះ ជាពិសេសសហគមន៍ទេសចរណ៍ធម្មជាតិ គឺជាយន្តការមួយដ៏សំខាន់ នៅក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពរបស់នៅ របស់សហគមន៍ ដើម្បីចូលរួមការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា សមិទ្ធផលនៃការរៀបចំសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ ធម្មជាតិ នៃសហគមន៍តំបន់ការពារធម្មជាតិ ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងភូមិក្តុល ភូមិដំណាក់អំពិល ភូមិអូរល្ពៅ និងភូមិដំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងសហគមន៍តំបន់ការពារធម្មជាតិ ទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News