
📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494
បន្ទាយមានជ័យ៖ ទីតាំងខារ៉ាអូខេមួយកន្លែងយីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួលនីតិវិធីពី លោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីវេលាម៉ោង២៣:៥០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាប ដោយសង្ស័យមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន។

ប្រតិបត្តិការនេះដោយមានការសម្របសម្រួលនីតិវិធីពី លោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ផងនោះ បានឃាត់ខ្លួនជនសង្ស័យចំនួន ១០៧នាក់ (ស្រី ៤០នាក់) ក្នុងនោះជនបរទេសចំនួន ៤២នាក់ (ស្រី០៧នាក់) រួមមាន ឥណ្ឌូនេស៊ី២១នាក់ (ស្រី០១នាក់) វៀតណាម ១៥នាក់ (ស្រី២នាក់) ចិន ៣នាក់ (ស្រី១នាក់) ថៃ៣នាក់ ស្រី។ ក្រៅពីនេះ ដកហូតបានម្សៅហ្មត់សថ្លា ៦កូនថង់ និង១កូនថង់តូច, ថ្នាំកញ្ចប់ពណ៌ក្រហម (រូបសេះ)១កញ្ចប់, ពណ៌ក្រហម (រូបទំពាំងបាយជូរ) ១កញ្ចប់, ពណ៌លឿង ១០កញ្ចប់, ពណ៌ទឹកក្រូច១កញ្ចប់ និងកញ្ចប់ថ្នាំពណ៌ក្រហមអក្សរ(L V)០១កញ្ចប់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ទីតាំងខារ៉ាអូខេ SKY KTV ត្រូវបានបិទបណ្តោះអាសន្ន។ រីឯជនសង្ស័យប្រុស-ស្រីទាំងនេះ ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ និងធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី៕











