
📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494
ភ្នំពេញ៖ កម្ពុជា-ជប៉ុន បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បន្តទៀត ដោយផ្ដោតលើវិស័យអាទិភាពចំនួន ៣ ដូចជា ១).បរិវត្តកម្មសង្គមឌីជីថល, ២).ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និង ៣).ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ដោយវិស័យទាំងនេះមានសង្គតិភាពជាមួយទិសដៅអភិវឌ្ឍន៍ក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងធម្មនុញ្ញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ជប៉ុន។


ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចពិគ្រោះយោបល់កម្រិត គោលនយោបាយ ស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសជប៉ុន។

លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើជាសហប្រធានជាមួយលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា។ កិច្ចពិភាក្សាមានការចូលរួមពីតំណាងជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា, តំណាងក្រសួងការបរទេសជប៉ុន, តំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា សរុបប្រមាណ ១៣០នាក់។
លោកទេសរដ្ឋមន្ត្រី បានសំដែងការនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូជប៉ុន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនចំពោះការបន្តប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ កិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយ ត្រូវបានរៀបចំឡើងជាលើកដំបូង ក្នុងអណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងស្របពេលជាមួយការរៀបចំប្រារព្ធខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលគ្រោងនឹងរៀបចំនៅចុងឆ្នាំ២០២៣ ។
ទន្ទឹមនេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃនីតិកាលទី៧នេះ ដោយផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីសម្រេចបានទស្សនៈវិស័យរបស់ប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក UENO Atsushi បានសម្តែងការអបអរសាទរដល់រាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា។ ទន្ទឹមនេះ លោក UENO Atsushi បានជម្រាបជូនអំពីការកែសម្រួលនូវធម្មនុញ្ញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលរដ្ឋាភិបាលជប៉ុនបានកែសម្រួលកាលពីខែមិថុនាកន្លងទៅ និងការពិនិត្យឡើងវិញនូវគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា។
ភាគីទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាប្រឈមក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការនាពេលកន្លងមក ក្នុងន័យបន្តពង្រឹងសមត្ថភាពនៃការអនុវត្តគម្រោងនាពេលអនាគត។ ភាគីជប៉ុនក៏បានឯកភាពយកសំណើ និងធាតុចូលរបស់ស្ថាប័នជំនាញកម្ពុជា ដើម្បីបញ្ចូលទៅក្នុងសេចក្ដីព្រាងនៃគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ដែលជប៉ុនគ្រោងនឹងរៀបចំនៅឆ្នាំ២០២៤។
ដោយដោយឡែក សម្រាប់កិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយ ស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសជប៉ុន គឺត្រូវបានរៀបចំឡើងអស់រយៈពេល ១៣លើករួចមកហើយ ដោយកិច្ចពិគ្រោះយោបល់លើកទី១៤នេះ ដំបូងគ្រោងនឹងធ្វើឡើងនៅក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យាពេលដោយសារការរាតត្បាតនៃជម្ងឺកូវីដ-១៩ ។
សូមគូសបញ្ជាក់ផងដែរថា ជប៉ុនគឺជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់របស់កម្ពុជា ពោលគឺចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ រដ្ឋាភិបាលជប៉ុនបានបើកផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ៤.៣១៩លានដុល្លារ ស្មើនឹង ១៤% នៃហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់។ ទំហំហិរញ្ញប្បទានសហប្រតិបត្តិការរបស់ជប៉ុនរំពឹងថា នឹងកើនឡើងជាបន្តបន្ទាប់ តាមរយៈការចុះហត្ថលេខាលើលិខិតប្តូរសារក្នុងក្របខណ្ឌដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕










