

📍គេហទំព័រ ផែនដីថ្មី PDT (បុគ្គលិកប្រចាំការ) ☎️012 296 494
ប៉ៃលិន ៖ ដោយប្រើរយៈពេលមូយថ្ងៃពេញ គឺចាប់តាំងពីព្រឹករហូតដល់ល្ងាច ដើម្បីឱ្យមានជំនឿជឿជាក់ទៅលើការទិញកសិផលរបស់ប្រជាកសិករលក់ដូរតាមស្តង់ពោត និងដំឡូងមីនានា ទូទាំងខេត្ត ជាពិសេស នៅតាមស្ថានីយលក់ប្រេងឥន្ធនៈ(សាំង ម៉ស៊ូត) តូចធំទាំងអស់ ប្រកបដោយតម្លាភាព និងធ្វើឱ្យមានការជឿជាក់គ្នាទៅវិញមក ទើបកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យគ្រប់គោលដៅទូទាំងខេត្ត ហើយជាលទ្ធផលរកមិនឃើញមានស្តង់ណា ឬស្ថានីយ៍ប្រេងឥន្ធន:ណាមួយខុសប្រក្រតីនោះឡើយ ។


លោក ដួង អ៊ីម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ការចុះត្រួតពិនិត្យស្ថានីយ៍ប្រេងឥន្ធន: និងជញ្ជីងថ្លឹងនេះ គឺដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋមានទំនុកចិត្តទៅលើការទិញដូរថា ពិតជាគ្មានការកេងប្រវ័ញ្ច ឬបន្លំគីឡូ ឬភ្នែកជញ្ជីងនោះឡើយ ពោលគឺត្រឹមត្រូវទាំងអ្នកលក់ និងអ្នកទិញ ហើយជាការបញ្ជាក់នូវភាពត្រឹមត្រូវ សុក្រឹតភាព គ្មានការកេងប្រវ័ញ្ច ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើយ។


នៅតាមស្ថានីយលក់ប្រេងឥន្ធនៈនានា ខាងមន្ត្រីជំនាញក៏បានពិនិត្យនិងវាស់វែងមើលភ្នែកជញ្ជីង ដោយពុំឃើញមានអ្វីខុសប្រក្រតីគួរឱ្យកត់សម្គាល់នោះដែរ។ ជាមួយគ្នានេះដែរលោក មាស វុធ ប្រធានគណ:កម្មការផ្សារសាមគ្គី ហៅប៉ាហ៊ី បានប្រកាសអោយបងប្អូនប្រជាពលរដ្ឋ ដែលចូលទៅទិញទំនិញ ឬម្ហូបអាហារនៅក្នុងផ្សារនេះ បើសិនជាមានការសង្ស័យថា អ្នកលក់ដូរ ប្រើជញ្ជីងថ្លឹងមិនគ្រប់ទម្ងន់ ត្រូវតែយកទៅថ្លឹងបញ្ជាក់នៅឯជញ្ជីងគំរូ ដែលបានដាក់នៅក្នុងផ្សារ ហើយត្រូវរាយការណ៍ជូនទៅទីចាត់ការផ្សារជាបន្ទាន់ ដើម្បីហៅអ្នកលក់មកណែនាំអប់រំ ។ លើសពីនេះ ក្នុងការចុះត្រួតពិនិត្យពលរដ្ឋមានសេចក្តីរីករាយ និងអបអរសាទរយ៉ាងខ្លាំង ព្រោះការទិញដូរ របស់ពួកគាត់មានទំនុកចិត្ត អស់ក្តីបារម្ភរឿងអ្នកលក់កេងឬស៊ីភ្នែកជញ្ជីងទៀតហើយ។


សូមបញ្ជាក់ផងដែរថា ស្ថានីយ៍លក់ប្រេងឥន្ធនៈនៅទូទាំងខេត្តប៉ៃលិនមានចំនួន៣៥កន្លែង និងស្តង់ទីលានហាលទំទិញកសិផលមានចំនួន៤៩កន្លែង ដោយឡែកជញ្ជីងគំរូក្នុង១ផ្សារមានដាក់១គ្រឿងផងដែរ៕










