ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ជំរុញកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបន្តច្បាមមុខសញ្ញាពាក់ព័ន្ធបទល្មើស

📍គេហទំព័រ ផែនដីថ្មី|PDT-News.com ជំនួយការ☎️Tel/tegram(855) 12 296 494 #PDTបានពឹងអ្នកច្បាប់ច្រើនរូបត្រៀមក្នុងករណីចាំបាច់ #មិត្តអ្នកសារព័ត៌មានជួបបញ្ហា☎️PDTមិត្តជួយមិត្ត

ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានជំរុញឱ្យកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ខណៈកម្ពុជា បានក្លាយជាប្រទេសរងគ្រោះ ដោយសារតែក្រុមឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀនឆ្លងកាត់ពីតំបន់ត្រីកោណមាស។

លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ លើកឡើងក្នុងពេលដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររដ្ឋបាល និងបច្ចេកទេសប្រចាំខែ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាកិច្ចការអាទិភាពមួយ និងបានដាក់បញ្ចូលការងារនេះទៅក្នុងមុំមួយ នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ព្រមទាំងបានដាក់ចេញនូវគោលការណ៍ «សម្អាតផ្ទះយើង និងសម្អាតចកចេញពីបឹង» ពិសេសគឺការដាក់ចេញបទបញ្ជា០១បបចំពោះវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

តាមរយៈលទ្ធផលបង្ក្រាបជាបន្តបន្ទាប់នេះ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានអរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងកម្លាំងជំនាញការិយាល័យទាំង១១និងមន្រ្តីគ្រប់ជំនាញ មិនថាតែផ្នែករដ្ឋបាល និងបច្ចេកទេស ដែលបានរួមគ្នាសហការក្នុងស្មារតីទទួលខុសត្រូវបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម។ ជាលទ្ធផល កិច្ចប្រតិបត្តិការស៊ើបអង្កេត និងបង្រ្កាបការប្រើប្រាស់ លួចលាក់កែច្នៃ ជួញដូរ ចែកចាយនូវសារធាតុញៀន ក៏ត្រូវបានធ្វើការបង្ក្រាបយ៉ាងសកម្មផុសផុលពីសំណាក់កងកម្លាំងមានសមត្ថកិច្ច ជាពិសេសកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនតែម្ដង។

លោកអគ្គស្នងការរងនគរបាលជាតិ ក៏បានលើកឡើងពីការសង្កេតឃើញមានបញ្ហាប្រឈមខ្លះ ដែលគួរកែលម្អ ដើម្បីធានាបានប្រសិទ្ធភាពការងារនាពេលអនាគតបន្ថែមទៀតទាក់ទិននឹងបញ្ហាគ្រឿងញៀន។ លោក បញ្ជាក់ថា បេសកកម្មរបស់កម្លាំងក្នុងនាមមន្ត្រីអនុវត្តច្បាប់ ពិសេសមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនតែម្តង គឺត្រូវផ្អែកតាមស្ថានភាពជាក់ស្តែងកម្ពុជា ដែលនៅតែទទួលរងគ្រោះ ដោយការចរាចរគ្រឿងញៀនឆ្លងកាត់ពីតំបន់ត្រីកោណមាស។

លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ដើម្បីពង្រឹងការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតបានជំរុញកម្លាំងប្រតិបត្តិការព្យាយាមច្បាមមុខសញ្ញាអ្នកពាក់ព័ន្ធ ដោយត្រូវប្រឹងប្រែងស្រាវជ្រាវអនុវត្តដីកាដែលនៅសេសសល់ ហើយភ្ជាប់នឹងការបង្កើនកិច្ចសហការល្អជាមួយមន្រ្តីតាមមូលដ្ឋាន ក៏ដូចជាត្រូវរៀបចំបញ្ជីនិងក្ដាប់ឱ្យបាននូវគោលដៅដែលងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀន។ ហើយបន្តកែលម្អការងារផ្នែករដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស ត្រូវយកវិន័យរបស់កងកម្លាំងនគរបាលជាតិ ជាគោល និងពង្រឹងការគ្រប់គ្រងលំហូរឯកសារចូល-ចេញឱ្យបានត្រឹមត្រូវ និងច្បាស់លាស់នៅតាមការិយាល័យជំនាញនីមួយៗ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News