



ភ្នំពេញ ៖ ការរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានសន្សំសំចៃថវិកា ជូនប្រជាពលរដ្ឋ បានប្រមាណជាង៧លានដុល្លារសហរដ្ឋអាមេរិក ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោក និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញ លើកទី១១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ៖ អនុវត្តទៅតាមការចង្អុលបង្ហាញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាមួយប្រជាពលរដ្ឋ ដោយបានរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយអត់គិតថ្លៃ។ ការដឹកជញ្ជូនដោយអត់គិតថ្លៃនេះ បើគិតពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋបានប្រមាណជាង៧លានដុល្លារ សហរដ្ឋអាមេរិក ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ៖ នៅឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តក្រុង សម្រាប់ដឹកប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចំនួន៥៩៧គ្រឿង ក្នុងចំនួននេះ បើមានការខ្វះខាត រដ្ឋបាលរាជធានីភ្នំពេញ នឹងបំពេញបន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការប្រជាពលរដ្ឋ ក្នុងកាត់បន្ថយការចំណាយរបស់ពួកគាត់។ ការងារនេះ មិនត្រឹមតែសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋទេ យើងអាចកាត់បន្ថយបាននូវការឡើងថ្លៃរបស់រថយន្តដឹកអ្នកដំណើរឯកជនផងដែរ ។
បន្ថែមពីលើការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ នូវបានយកចិត្តទុកដាក់ទៅលើសុខមាលភាពប្រជាពលរដ្ឋផងដែរ ដោយឆ្នាំនេះ ជំងឺគ្រុនឈាមបានធ្លាក់ចុះ បើទោះបីមូសបានកើនឡើងច្រើន ដូចអង្កាមយ៉ាងណាក្តី។ ការធ្លាក់ចុះជំងឺគ្រុមឈាមនេះ ដោយយើងបានបាញ់ថ្នាំសម្លាប់មូសជាប់ជាប្រចាំ នៅតាមមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ រហូតបានទទួលជោគជ័យ និងទទួលបាននូវការគាំទ្រយ៉ាងពេញដំណឹងពីសំណាក់ប្រជាពលរដ្ឋ ។
ក្នុងកិច្ចប្រជុំនោះដែរ លោក ម៉ប់ សារិន ក៏បានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងទាំងអស់ដែលបានរក្សា សន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ដែលបានធ្វើឲ្យបទល្មើសនានា ថយចុះ។ ប្រជាពលរដ្ឋមានការ សាទរយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការរៀបចំរថយន្តដឹកជញ្ជូនប្រជ្ជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ប្រជាពលរដ្ឋអបអរសាទរចំពោះការរៀបចំសង្ក្រាន្តវត្តភ្នំនាឱកាសបុណ្យចូលឆ្នាំនេះ។ប្រជាពលរដ្ឋ ក៏បានអបអរសាទរ នៃការដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោផងដែរ ៕










