ចក្រភពអង់គ្លេស កែប្រែឈ្មោះជាភាសាខ្មែរថ្មី មកជា«រាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង»

United Kingdom ដែលយើងស្គាល់ជាទូទៅថា «ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង» ឬហៅកាត់ថា «ចក្រភពអង់គ្លេស» ត្រូវបាន​ប្រែសម្រួលថ្មីជាភាសាខ្មែរ ដោយដូរទៅជា «រាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង» ឬ ហៅកាត់ថា «ព្រីតថេន»។

បើតាមការចុះផ្សាយ​របស់ស្ថានទូតព្រីតថេន នៅថ្ងៃទី៣០ ខែកក្កដា ការផ្លាស់ប្តូរនេះ មាន​សារសំខាន់ ដោយ​វាឆ្លុះបញ្ចាំងពីអត្តសញ្ញាណ ប្រវត្តិសាស្ត្រ និងចំណងទំនាក់ទំនងដែលប្រទេសទាំងពីរ​ចែករំលែកជាមួយគ្នា។ «ការកែសម្រួលនេះត្រូវបានធ្វើឡើងតាមរយៈការពិគ្រោះយោបល់ជាមួយអ្នកជំនាញភាសាខ្មែរ រាជបណ្ឌិត្យសភាកម្ពុជា និងទទួលបានការអនុម័តពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ»។

សេចក្តីប្រកាសព័ត៌មាន​បញ្ជាក់ថា ឈ្មោះភាសាខ្មែរថ្មីនេះឆ្លុះបញ្ចាំងបានកាន់តែច្បាស់អំពីអត្តសញ្ញាណរបស់រាជាណាចក្ររួមនៃព្រីតថេន និងអៀវឡង់ខាងជើង ដែលមាន​ប្រជាជាតិបួន​ និងរចនាសម្ព័ន្ធ​នយោបាយទំនើបរបស់ United Kingdom។

United Kingdom មានឈ្មោះផ្លូវការ​ពេញជាភាសាអង់គ្លេសថា The United Kingdom of Great Britain and Northern Ireland។ «បច្ចុប្បន្នភាព និងទំនើបកម្ម​ដោយ​បកប្រែជាភាសាខ្មែរ​ថ្មី​នេះ ឆ្លុះបញ្ចាំងកាន់តែត្រឹមត្រូវអំពីរចនា​សម្ព័ន្ធនយោបាយ​បច្ចុប្បន្ន​របស់​ចក្រភពអង់គ្លេសដែលជារាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​ការពិត​ដែល​ថាវាជាសហភាព​នៃប្រទេសចំនួន​៤រួម​បញ្ចូលគ្នា គឺអង់គ្លេស ស្កុតឡែន វែលស៍ និងអៀរឡង់​ខាងជើង។ ទម្រង់​ខ្លីគឺ ព្រីតថេន»។ នេះបើតាមសេចក្តី​ប្រកាសព័ត៌មាន។

លោក Dominic Williams ឯកអគ្គរាជទូតនៃ British Embassy ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសំណាងណាស់ដែលបានរៀនភាសាខ្មែរក្នុងរយៈពេលដ៏វែងមួយ ហើយមានការគោរព យ៉ាងជ្រាលជ្រៅចំពោះសារសំខាន់ជាមូលដ្ឋានរបស់ភាសាខ្មែរនៅក្នុងវប្បធម៌កម្ពុជា។ ខ្ញុំជឿជាក់យ៉ាង មុតមាំក្នុងការរក្សាភាសាដ៏រស់រវើកនេះ»។

លោកបានបញ្ជាក់ថា ពេល​លោក​រៀនពាក្យខ្មែរដែលបកប្រែសម្រាប់ប្រទេសលោកជាលើកដំបូង លោក​រកឃើញថា ពាក្យខ្មែរដែលប្រើ នៅពេលបកប្រែជាភាសាអង់គ្លេស មិនបានឆ្លុះបញ្ចាំងពីភាពចម្រុះ និងទំនើបរបស់ United Kingdom ឬអត្តសញ្ញាណផ្ទាល់ខ្លួនរបស់លោក​ទេ ក្នុងនាមជាមនុស្សដែលមានអត្តសញ្ញាណផ្ទាល់ខ្លួន មកពី អង់គ្លេស អៀរឡង់ខាងជើង និងវែលស៍។

«ខ្ញុំសង្ឃឹមថា ការបកប្រែថ្មីនេះ នឹងដើរតួនាទីតូចមួយក្នុងការបង្កើនមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក​រវាងប្រទេសដ៏អស្ចារ្យ​ទាំងពីរ​របស់យើង»។ នេះជាជំនឿដ៏មុតមាំរបស់លោកឯកអគ្គរាជទូត៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News