
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
ពោធិ៍សាត់៖សមត្ថកិច្ចនគរបាល ជំនាញបច្ចេកទេសកោសល្យវិច្ច័យ បានសហការជាមួយក្រុមអង្គភាពការពារកុមារ CPU កងរាជអាវុធហត្ថខេត្ត និងក្រុមគ្រូពេទ្យ បានកំពុងធ្វើកោសល្យវិច្ច័យ លើសាកសពកុមារី អាយុ៧ឆ្នាំម្នាក់ ដែលត្រូវបានជនដៃដល់សម្លាប់ រួចច្រកការុងបោះចូលគុម្ពោតព្រៃទាំងអាក្រាតកាយ ខណៈដែលគេសង្ស័យអាចជា ករណីប្លន់យកខ្សែកផ្លាទីននិងរំលោភសម្លាប់ ផងដែរ។

ក្រោយពីមានការប្រទះឃើញសពក្មេងស្រីម្នាក់ នៅក្នុងគុម្ពោតព្រៃទាំងអាក្រាតកាយ ថែមទាំងដៃជើងជាប់ចំណង និងក្បាលច្រកការុងយ៉ាងព្រៃផ្សៃ។ហេតុការណ៍ដ៏ រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលឡើងត្រង់ចំណុចក្បែរភូមិក្នុងគុម្ពោតព្រៃក្បែរមាត់បឹងទន្លេសាប ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នៅវេលាម៉ោង ០៣ និង០០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ថ្មីៗនេះ។
លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានបញ្ជាផ្ទាល់ ដើម្បីឈានទៅដល់កំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យ យកមកចាត់ការតាមផ្លូវច្បាប់។

សពកុមារីរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ រ៉ង ស្រីពេជ្រ អាយុ៧ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារម្ដាយជាស្ត្រីមេម៉ាយឈ្មោះ ចាប រ៉ាឌីន អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ឪពុក(ស្លាប់)។
តាមសមត្ថកិច្ចជំនាញ ដែលកំពុងរួមសហការជាមួយក្រុមអង្គភាពការពារកុមារCPU បាននិងកំពុងធ្វើការពិនិត្យសាកសពក្មេងស្រីរងគ្រោះ ដើម្បីឈានទៅកំណត់មុខសញ្ញាជនដៃដល់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕












