ព័ត៌មានថ្មី រដ្ឋបាលខេត្តកែប ដាក់ឱ្យដេញថ្លៃ ការងារជួសជុលថែទាំបណ្តាញផ្សេងៗ និងសម្ភារឧបករណ៍បច្ចេកទេស (ព័ត៌មានការគ្រោងដំបូង ៥២១លានរៀល)

កែប៖រដ្ឋបាលខេត្តកែប បានចេញសេចក្ដីជូនដំណឹងមួយ ចុះថ្ងៃទី៣១ ខែ០៧ ឆ្នាំ២០២៦ មានចុះហត្ថលេខាដោយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណកម្មាធិការលទ្ធកម្មខេត្តកែប ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃ ការងារជួសជុលថែទាំបណ្តាញផ្សេងៗ និងសម្ភារឧបករណ៍បច្ចេកទស ជូនរដ្ឋបាលខេត្តកែប សម្រាប់ឆ្នាំ២០២៦។
ក្នុងសេចក្ដីជូនដំណឹង មានខ្លឺមសារ៖
រដ្ឋបាលខេត្តកែប សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល ទាំង អស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា រដ្ឋបាលខេត្តកែប នឹងដាក់ឱ្យដេញថ្លៃជាសាធារណះ ដើម្បីផ្គត់ផ្គង់ការងារជួសជុលថែទាំបណ្តាញផ្សេងៗ និងសម្ភារឧបករណ៍បច្ចេកទេស ជូនរដ្ឋបាលខេត្តកែប សម្រាប់
ឆ្នាំ២០២៦ ។
រដ្ឋបាលខេត្តកែប បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្មខេត្តកែប ដែលមានអាសយ័ដ្ឋាននៅសាលាខេត្តកែប ចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ តទៅ រៀងរាល់ម៉ោងធ្វើការ ។ កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង៩,០០នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៦ ។ ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលានៅម៉ោង៩,០០នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៦ ។ ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតមួយគត់ ។
ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ ។
តាមប្រភពឯកសារគ្រោងដំបូង គេហទំព័រ ផែនដីថ្មី |WPDTNews.com.kh ទទួលបាននោះ គម្រោងមានតម្លៃផ្ដើមចំនួន៥២១លានរៀល ប្រភេទលទ្ធកម្មផ្នែកសេវាកម្មផងដែរ។ទាក់ទងតម្លៃផ្ដើមដេញចុះ ត្រូវធ្វើអ្វីខ្លះ ផ្គត់ផ្គងអ្វីនោះ នៅព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ២០២៦ គេហទំព័រ ផែនដីថ្មី |WPDTNews.com.kh មិនអាចរកការបំភ្លឺអំពីមន្ត្រីអង្គភាពលទ្ធកម្មរដ្ឋបាលខេត្តកែប បានទេ។ ព្រោះនៅក្នុងសេចក្ដីជូនដំណឹង មិនបានដាក់លេខទូរស័ព្ទ សម្រាបទំនាក់ទំនង ដោយខុសពីនៅតាមក្រសួង/ស្ថាប័ន មន្ទីរ /អង្គភាពជាច្រើនផ្សេងទៀត ដោយភាគច្រើនបំផុត បានដាក់លេខទូរស័ព្ទក្នុងសេចក្ដីជូនដំណឹងដេញថ្លៃ ដើម្បីងាយស្រួលទំនាក់ទំនង៕ បឋម

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News