នៅថ្ងៃទី១០ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹនបានចាប់ផ្តើមបេសកកម្មការទូតជាផ្លូវការ បន្ទាប់ពីចូលក្រាបបង្គំទូលថ្វាយសារតាំងចំពោះព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។
ពិធីនេះជាការចាប់ផ្តើមជាផ្លូវការនៃបេសកកម្មរបស់លោក អ៊ែនដឺសឹន ក្នុងនាមជាតំណាងផ្ទាល់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រចាំកម្ពុជា ខណៈប្រទេសទាំងពីរកំពុងខិតខំពង្រឹងទំនាក់ទំនងឡើងវិញ បន្ទាប់ពីមានភាពតានតឹងផ្នែកការទូតអស់រយៈពេលជាច្រើនឆ្នាំ។
យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ លោក អ៊ែនដឺសឹន បានមកដល់កម្ពុជាក្នុងពេលវេលាដ៏សំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគី ខណៈប្រទេសទាំងពីរកំពុងបង្កើតសន្ទុះថ្មី ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងសន្តិសុខ។
ស្ថានទូតអាមេរិក បានសរសេរតាមបណ្តាញសង្គមថា៖ «ដោយផ្អែកលើសន្ទុះនេះ លោកឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់ ពង្រីកពាណិជ្ជកម្ម និងការវិនិយោគដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងសហការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបណ្តាញឆបោកផងដែរ»។
ស្ថានទូតបានបញ្ជាក់ទៀតថា លោក អ៊ែនដឺសឹន ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូកម្ពុជា ដើម្បីប្រែក្លាយសន្ទុះថ្មីនៃទំនាក់ទំនងនេះទៅជាវឌ្ឍនភាពជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍យូរអង្វែងដល់ប្រជាជនអាមេរិក និងកម្ពុជា។
តំណែងឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជាបានទំនេរអស់រយៈពេលជាង២ឆ្នាំ បន្ទាប់ពីលោក W. Patrick Murphy បានបញ្ចប់អាណត្តិ និងចាកចេញពីកម្ពុជានៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក្រោយបំពេញការងារជិត៥ឆ្នាំ។ ក្នុងអំឡុងពេលតំណែងនេះទំនេរ ស្ថានទូតអាមេរិកនៅតែបន្តដំណើរការ ក្រោមការដឹកនាំរបស់មន្ត្រីការទូតជាន់ខ្ពស់ ក្នុងនាមជាភារធារីបណ្តោះអាសន្ន។
ប្រធានាធិបតី ត្រាំ បានតែងតាំងលោក អ៊ែនដឺសឹន ឱ្យកាន់តំណែងនេះនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ហើយព្រឹទ្ធសភាអាមេរិកបានអនុម័តការតែងតាំងរបស់លោកនៅថ្ងៃទី៧ ខែសីហា ដែលបើកផ្លូវឱ្យលោកមកបំពេញបេសកកម្មការទូតនៅកម្ពុជាក្នុងខែវិច្ឆិកានេះ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃទី៩ ខែវិច្ឆិកា បានលើកឡើងថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងភ្នំពេញកំពុងឈានចូលដល់ជំពូកថ្មី បន្ទាប់ពីលោក ត្រាំ បានដើរតួនាទីជួយសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃ កាលពីខែតុលា ឆ្នាំ២០២៥។
ក្នុងសេចក្តីថ្លែងការណ៍អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា លោក Rubio បាននិយាយថា ប្រទេសទាំងពីរបានកសាងទំនាក់ទំនងផ្អែកលើទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម អស់រយៈពេលជាង៧៥ឆ្នាំមកហើយ ខណៈការចូលរួមផ្នែកការទូតរបស់លោក ត្រាំ បានបង្កើតឱកាសថ្មីៗក្នុងការជំរុញសន្តិភាព និងវិបុលភាពសេដ្ឋកិច្ច។
លោកបានបន្ថែមថា៖ «យើងទន្ទឹងរង់ចាំធ្វើការរួមគ្នា ដើម្បីគាំទ្រកម្ពុជាឱ្យក្លាយជាប្រទេសមួយដែលរឹងមាំ និងឯករាជ្យ»។
កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរក៏ត្រូវបានរំពឹងថានឹងមានសន្ទុះឡើងវិញផងដែរ ដោយកម្ពុជា និងសហរដ្ឋអាមេរិកបានឯកភាពគ្នារៀបចំសមយុទ្ធយោធារួម ឆ្នាំអង្គរ ឡើងវិញនៅ ឆ្នាំ២០២៧។
សមយុទ្ធនេះត្រូវបានផ្អាកតាំងពីឆ្នាំ២០១៧ ក្នុងពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹង។ ការគ្រោងរៀបចំសមយុទ្ធនេះឡើងវិញ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់ក្នុងការស្តារទំនាក់ទំនងផ្នែកការពារជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ៕












