
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
កោះកុង ៖ ដីព្រៃកោងកាងនៅមាត់សមុទ្រ ដែលស្ថិតនៅចំណុចភូមិព្រៃស្វាយសង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង នាពេលបច្ចុប្បន្ននេះ ត្រូវបានអនុប្រធានមន្ទីរធនធានទឹកខេត្តកោះកុង ម្នាក់ឈ្មោះ អៀវ វណ្ណារ៉ា លួចបំពានដោយដឹកដីយកទៅចាក់លុបរាប់ខែមកហើយ ក្នុងគោលបំណងពុះឡូលក់ចែកលុយគ្នាដាក់ហោប៉ៅ យ៉ាងសង្ហារ ដោយគ្មានអាជ្ញាធរខេត្តកោះកុង និងអាជ្ញាធរក្រុង ដេកលក់សង្ស័យបានទទួលផលចែកខ្លះដែរ ក៏មិនដឹង ? បានជានៅរក្សាភាពស្ងៀមស្ងាត់នោះ។
ចំពោះការលួចបំពានចាក់លុបដីមាត់សមុទ្រ ដែលសុទ្ធតែខុសច្បាប់ស្តីពីការគ្រប់គ្រងឆ្នេរ នាពេលថ្មីៗកន្លងមកនេះត្រូវបានគេដឹងថា មានបុគ្គល៣ ទៅ៤នាក់ ដែលបានរួមគ្នារំលោភបំពានទៅលើដីព្រៃកោងកាងដែលជាសម្បត្តិរបស់រដ្ឋបើទោះបីជា ដីព្រៃកោងកាងនៅមាត់សមុទ្រនោះត្រូវបាន មន្ទីរបរិស្ថានខេត្តកោះកុងបានយកស្លាកសញ្ញា ហាមឃាត់ ការរំលោភបំពានដីព្រៃកោងកាងយកទៅបិទមិនអោយកាប់បំផ្លាញនិងរំលោភបំពានយ៉ាងណាក៏ដោយ ក៏គេនៅតែសង្កេតឃើញថាមានបុគ្គលមួយចំនួននៅតែបំពាពីបំពានទៅលើច្បាប់របស់រដ្ឋដដែលជាដដែលទៀត។

ចំណែកមេខ្លោងនៅក្នុងការដឹកនាំលួចចាក់ ដីលុបព្រៃកោងកាងនៅមាត់សមុទ្រ ក្នុងភូមិព្រៃស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុងនោះត្រូវបានគេស្គាល់ថា គឺឈ្មោះអៀវ វណ្ណារ៉ា ជាអនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកោះកុង ដែលជាមេខ្លោងនៅក្នុងការដឹកនាំចាក់លុបដីព្រៃកោងកាង ដែលជាសម្បត្តិ ធនធានធម្មជាតិរបស់រដ្ឋ។
ទាក់ទងទៅនឹងការចាក់ដី លុបព្រៃកោងកាង ចំណុចភូមិឃុំខាងលើ លោក អៀវ វណ្ណារ៉ា បានបញ្ជាក់ឲ្យអ្នកយកព័ត៌មាន អោយដឹងថា ចំពោះដីព្រៃកោងកាងដែលលោកបានចាក់ដីលុបនោះ គឺជាដីកម្មសិទ្ធិរបស់លោក ដែលត្រូវទទួលស្គាល់ដោយអាជ្ញាធរភូមិ-ឃុំមែន ក៏ប៉ុន្តែបន្ទាប់ពី លោកបានចាក់ដីដើម្បីបំពេញផ្លូវរបស់លោករួចមក ក៏មានប៉ះពាល់ដល់ព្រៃកោងកាងក្បែរមាត់សមុទ្រតិចតួច ហើយក៏ត្រូវបានមន្ត្រីមន្ទីរបរិស្ថានខេត្តចុះទៅទៅហាមឃាត់លោក ក៏បានផ្អាកសកម្មភាពតាំងពីពេលនោះរហូតមកដែរ។
ចៅសង្កាត់ស្ទឹងវែង លោកកាយ ក្រុង បានបកស្រាយឲ្យអ្នកយកព័ត៌មានយើងដឹងថា រាល់ការរំលោភបំពានទៅលើព្រៃកោងកាងក្បែរមាត់សមុទ្រ ជាការរំលោភសម្បត្តិរដ្ឋយ៉ាងពិតប្រាកដ ។ លោកបានបន្តថា ដីព្រៃកោងកាងនិងមាត់សមុទ្រ គ្មានបុគ្គលណាម្នាក់មានសិទ្ធិចាក់ដីលុបព្រៃកោងកាងដើម្បីទន្ទ្រានពង្រីកដីរបស់ខ្លួនឯងឡើយ ចម្ងាយពីដីកម្មសិទ្ធិរបស់បុគ្គលម្នាក់ៗ គឺត្រូវគេហាមឃាត់ដោយក្រសួងបរិស្ថានមន្ទីរបរិស្ថានខេត្ត ឲ្យឃ្លាតចេញឆ្ងាយពីព្រៃកោងកាង និងមាត់សមុទ្រ ឲ្យបានយ៉ាងតិចពី 10 ទៅ 15 ម៉ែត្រ ដើម្បីកុំឱ្យប៉ះពាល់មាត់សមុទ្រ។
គ្រប់រូបបុគ្គលណា ដែលហ៊ានទៅរំលោភព្រៃកោងកាងជាប់មាត់សមុទ្រត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់ដោយខ្លួនឯង ក្នុងនាមលោកជាអាជ្ញាធរសង្កាត់លោកមានសិទ្ធិគ្រប់គ្រាន់ក្នុងការចុះត្រួតពិនិត្យអ្វីដែលជាសម្បត្តិរបស់រដ្ឋ អ្វីជាការរំលោភបំពានពីសំណាក់អ្នកដទៃ ទៅលើធនធានធម្មជាតិដែលជាមរតករបស់ជាតិយើង ។
ចាំមើលទៀត! តើអាជ្ញាធរខេត្តកោះកុង ហ៊ានចេញបញ្ជាឱ្យកាយចេញវិញដូចដើមដែរទេ ឬ ចាំដល់សម្ដេចតេជោ ហ៊ុន សែន ស្រែកទើបនាំគ្នាកាយចេញវិញ ។ តើអ្នករំលោភដីនេះអាចរួចខ្លួនពីសំណាញ់ច្បាប់ដែរ ឬ ទេ ?











