ដកតំណែងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី កែប កត់ ក្រោយពីមន្ត្រីថ្នាក់ក្រោមលើកគ្នាប្ដឹងរឿងពុករលួយ គួរដកតំណែងប្រធានមន្ទីរកសិកម្ម សយ សូណា​ ផង ព្រោះបើគ្មានការឃុបឃិតលោកកែប កត់ មិនអាចធ្វើអ្វីៗតាមចិត្តបានទាំងស្រុងទេ

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

រតនគិរី៖​លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដែលល្បីល្បាញខាងប្រមូលលុយពុករលួយ ត្រូវរបូតពីតំណែងហើយ ក្រោយពីត្រូវបានមន្ត្រីក្រោមឱវាទប្តឹងទៅក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កាល​ពីពេលថ្មីៗកន្លងទៅនេះ។

ប្រភពបានឲ្យដឹងទៀតថា តាមរយៈប្រកាសស្តីពីការផ្ទេរក្របខ័ណ្ឌពីមន្ត្រីរាជការ ដែលចេញថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០២០ ចុះហត្ថលេខាដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្រេចនៅក្នុងប្រការ១ ” ត្រូវបានផ្ទេរក្របខ័ណ្ឌលោក កែប កត់នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី នៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តរតនគិរី ឲ្យទៅបម្រើការងារនៅរដ្ឋបាលព្រៃឈើ “។

តាមប្រភពការបង្ហើបពីមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តរតនគិរី បានឲ្យដឹងថា កន្លងមកក្នុងតួនាទីជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី គឺលោក កែប កត់ ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់​។

ប្រភពបានឲ្យដឹងទៀតថា កន្លងមកលោក កែប កត់ តែងតែឃុបឃិតបើកដៃឲ្យឈ្មួញធំៗដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ក៏ដូចជាតាមច្រករបៀងក្នុងស្រុកអូរយ៉ាដាវ​ និងស្រុកអណ្តូងមាស យ៉ាងពេញបន្ទុក។ សូម្បីតែប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តរតនគិរី ក៏ត្រូវលោក កែប កត់ កេងប្រវ័ញ្ចយ៉ាងគឃ្លើនដែរ រហូតដល់មន្ត្រីក្រោមឱវាទធ្វើពាក្យបណ្តឹងទៅក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ។

ប្រភពស្និទ្ធនឹងលោក កែប កត់ បានឲ្យដឹងថា លោក កែប កត់ ល្បីល្បាញខាងពុករលួយតាំងពីនៅធ្វើជានាយខណ្ឌរដ្ឋបាលព្រៃឈើក្នុងខេត្តមណ្ឌលគិរី ហើយពេលមកធ្វើជានាយខណ្ឌរដ្ឋបាលព្រៃឈើ ក្នុងខេត្តរតនគិរី គឺលោក កែប កត់ ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង។ ឥឡូវនេះដោយសាររឿងអាស្រូវពុករលួយពេញបន្ទុករបស់ខ្លួនគឺលោក កែប កត់ ត្រូវរបូតពីតំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ទៅហើយដែលជាគំរូសម្រាប់មេរដ្ឋបាលព្រៃឈើប្រចាំបណ្តាខេត្តផ្សេងៗទៀតផងដែរ។ មជ្ឈដ្ឋាននានាបានលើកឡើងថា លោកសយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ក៏អាចជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយជាមួយលោក កែប កត់ ផងដែរ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរតែដកតំណែងប្រធានមន្ទីរកសិកម្មរូបនេះបន្ថែមផង ព្រោះបើគ្មានការឃុបឃិតពី ​លោក សយ សូណា លោកកែប កត់ មិនអាចធ្វើអ្វីៗតាមចិត្តបានទាំងស្រុងនោះទេ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News