
ការិយាល័យគ្រប់គ្រង (បុគ្គលិកប្រចាំការ)
012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏ យើងខ្ញុំជួយណែនាំជូន
ព្រៃវែង៖ផ្ទៃដីដីកសិកម្មទំហំខ្ទង់៧០ហិចតារបស់សកលវិទ្យាល័យ សម្ដេច ជា ស៊ីម កំចាយមា មានទីតាំងនៅជាប់ភូមិជាច្រើនក្នុងឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង ដែលមួយចំនួនធំពលរដ្ឋអាស្រ័យផល់ដាំស្វាយចន្ទីរ និងដំឡូងមី ត្រូវបានឧកញ៉ា នី សម្បត្តិ ប្រើគ្រឿងចក្រឈួសឆាយកាន់កាប់ ដែលជាដើមហេតុបង្កការក្ដៅក្រហាយពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំង ថែមទាំងបានបំផ្លាញបំណង់ប្រាថ្នារបស់សម្ដេច ជា ស៊ីម ដែលបានខំប្រឹងការពារដី ដើម្បីទុកជាសម្បត្តិរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់សកលវិទ្យាល័យ សម្ដេច ជា ស៊ីម កំចាយមា ប៉ុន្តែពេលនេះកំពុងធ្លាកចូលកណ្ដាប់ដៃរបស់ឧកញ៉ា នី សម្បត្តិ ហៅគ្រូស៊ីណា ឬ Saly ឬ Sam មានដើមកំណើតនៅតំបន់ខ្មែរឥស្លាមឬស្សីកែវ បណ្ដើរៗដែលចាំបាច់ ឯកឧត្តមអភិបាលខេត្តព្រៃវែង ជា សុមេធី និងឯកឧត្តម ស សុខា ពិនិត្យសកម្មភាពមួយនេះឡើងវិញ។

ប្រភពពីពលរដ្ឋបានប្រាប់ថា នៅក្នុងខែតុលា និងរហូតដល់ថ្ងៃទី០៣ ខែវិច្ឆការ ឆ្នាំ២០២១ ដីខាងលើ ត្រូវក្រុមដៃជើងរបស់ឧកញ៉ា នី សម្បត្តិ ហៅគ្រូស៊ីណា ឬ Saly ឬ Sam ប្រើគ្រឿងចក្រមកឈួស ឆាយ ក្រោមរូបភាពថា ដើម្បីដាំដំណាំអោយទៅសកលវិទ្យាល័យ សម្ដេច ជា ស៊ីម កំចាយមា និងបានអួតអាងថា ថ្នាក់ដឹកនាំកំពូលជាអ្នកអនុញាត្តិ ហើយពេលប្រជាពលរដ្ឋលើកគ្នាតវ៉ា ប៉ុន្តែក្រុមអ្នកបញ្ជាគ្រឿងចក្ររបស់ឧកញ៉ា នី សម្បត្តិ យកត្រជៀកស្ដាប់ទេ ដោយពួកគេប្រឹងឈួសឆាយ បំផ្លាយដើមស្វាយចន្ទីរ និងដំឡូងមីរបស់ប្រជាពលរដ្ឋរាប់សិបហិចតាមកដល់ពេលនេះជិតសម្រេចហើយ។

ប្រភពបានរំលឹកថា ដីខាងលើ ដើមឡើយមានប្រជាពលរដ្ឋជាច្រើនបានគ្រប់គ្រង និងអាស្រ័យផល់ ប៉ុន្តែដោយសម្ដេច ជា ស៊ីម មានបំណង់ជួយអ្នកស្រុកកំណើត សម្ដេច តាមរយៈអាជ្ញាធរ ក៏បានសុំដីនេះពីប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៏វិស័យកសិកម្ម ជួយពង្រឹងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋបានអបអរ និងប្រគល់ដីនេះជូនសម្ដេច។ ហើយបន្ទាប់មក ក៏ក្លាយជាកន្លែងពិសោធន៏ដំណាំកសិកម្ម ទើបតែនៅប៉ុន្មាន់ឆ្នាំចុងក្រោយ គឺលែងសកម្មភាព ប្រជាពលរដ្ឋបាននាំគ្នាទៅដាំដំណាំស្វាយចន្ទីរ និងដំឡូងឡើងវិញ។
ករណីនេះ បានបង្កអោយពលរដ្ឋសរុបជាង១១០គ្រួសារនៅក្នុងភូមិតាអី ភូមិពពេល ភូមិអញ្ចាញ ឃុំក្របៅ និងភូមិត្រពាំងធ្លក ភូមិជៀច ឃុំជៀច ដែលជាអ្នកកាន់កាប់អាស្រ័យផល់លើដីនេះរាប់ឆ្នាំ បានកើតការមិនសុខចិត្ត។ ជាមួយគ្នានេះមហាជនចង់ឃើញ និងសំណូមពរដល់ឯកឧត្តមអភិបាលខេត្តព្រៃវែង ជា សុមេធី និងឯកឧត្តម ស សុខា មេត្តាជួយការពារដីនេះទុកជាសម្បត្តិរបស់សកលវិទ្យាល័យ សម្ដេច ជា ស៊ីម កំចាយមា មិនត្រូវបណ្ដោយអោយក្លាយជាកន្លែងដាំស្មៅចិញ្ចឹមគោរបស់ឧកញ៉ា នី សម្បត្តិ ដែលធ្លាប់ប្ដូឈ្មោះរបស់ខ្លួន ដូចដូរខោអាវឡើយ។
ទាក់ទងព័ត៌មាននេះ គេហទំព័រ ផែនដីថ្មី បានសុំការបំភ្លឺពីលោក សិត ខន សកលវិទ្យាធិការ នៃសកលវិទ្យាល័យ សម្ដេច ជា ស៊ីម កំចាយមា ដោយនៅពេលលោកលើកទូរស័ព្ទ ហើយគេហទំព័រ ផែនដីថ្មី បានសួររឿងនេះ លោកក៏បិទទូរស័ព្ទតែម្ដង។
ចំណែកលោកឧកញ៉ា នី សម្បត្តិ ហៅ គ្រូស៊ីណា ឬ Sam ឬ Saly គេហទំព័រ ផែនដីថ្មី មិនអាចរកការបំភ្លឺបានទេ។ លោកអ្នកមេត្តា រងចាំអានអំពីប្រវត្តិរបស់លោកឧកញ៉ា នី សម្បត្តិ ហៅ គ្រូស៊ីណា ឬ Sam ឬ Saly ដែលសព្វថ្ងៃមានទ្រព្យជិតរយលានដុល្លា កើតចេញពីប្រភពណា ? និងជាប្រភេទមនុស្សបែប ធ្លាប់មានរឿងក្ដីអ្វីខ្លះ គេហទំព័រ ផែនដីថ្មី និងលើកយកមកចុះផ្សាយនៅពេលឆាប់ៗនេះ៕










