កម្ពុជារយៈពេល៣០ឆ្នាំ បោសសម្អាតមីនជិត៣លានម៉ែត្រក្រឡា គឺ បោសសម្អាតមីនលើដីបានធំជាងគេក្នុងពិភពលោក បើធៀបនឹងប្រទេសជាង៣០ដែលមានទឹកដីមានគ្រាប់មីនដូចគ្នា

📍ការិយាល័យគ្រប់គ្រងគេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494

ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីននៅក្នុងសន្នីសីទសារព័ត៌មានព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៣ បានថ្លែងថា « ជាង៣០ឆ្នាំមកនេះកម្ពុជា ទទួល បានជោគជ័យយ៉ាងធំធេងក្នុងការងារបោសសម្អាតគ្រាប់មីន។ពីឆ្នាំ១៩៩២ដល់ខែមិថុនា ឆ្នាំ២០២៣ ផ្ទៃដីបោសសម្អាតរួចមានចំនួន ២.៧៩៤.៧០៣.២២៨ ម៉ែត្រក្រឡា (២.៧៩៥ គីឡូម៉ែត្រក្រឡា) ដែលជាទឹកដីធំជាងគេក្នុងពិភពលោកបើធៀបនឹងប្រទេសជាង៣០ដែលមានទឹកដីមានគ្រាប់មីនដូចគ្នា។

លោកទេសរដ្ឋមន្ត្រី បានបន្តថា៖ការងារបោសសំអាតមីននេះបានរកឃើញគ្រាប់រំសែវរាប់លានគ្រាប់ក្នុងនោះមានគ្រាប់មីនប្រឆាំងមនុស្សជាង១លាន១សែន៧ម៉ឺន ៧ ពាន់គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះមាន២៦.២២២គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣០៧០.៥២៦គ្រាប់។គ្រាប់មីននេះហើយដែលសម្លាប់មនុស្ស និងធ្វើឲ្យប្រជាពលរដ្ឋពិការភាពជាង៦ម៉ឺន៥ពាន់នាក់។ ចាប់តាំងពីឆ្នាំ១៩៧៩–ខែកក្កដា ឆ្នាំ២០២៣ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម សរុបចំនួន ៦៥.០២៨ ។អ្នកដោះមីនជួបគ្រោះថ្នាក់ក្នុងប្រតិបត្តិការបោសសម្អាតមីន ៖ បាត់បង់អាយុជីវិត មានពិការភាព និងរបួស សរុបចំនួន ១៥៥ នាក់ ក្នុងនោះ បាត់បង់អាយុជីវិតចំនួន ៣១ នាក់ ។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា៖ចំនួនជនរងគ្រោះបានថយ ចុះពី ៤.៣២០ នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤១នាក់ ក្នុងឆ្នាំ២០២២និងមកនៅក្រោម ចំនួន១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល ១០ឆ្នាំចុងក្រោយ។

លោក លី ធុច បានបញ្ជាក់ថា៖ការប្រើប្រាស់ដី ក្នុងនោះវិស័យកសិកម្ម ៧៦ ភាគរយ និងផ្សេងៗ ២៤ ភាគរយ រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាព ជាដើម ។ប្រជាពលរដ្ឋទទួលផលចំនួនជាង ១១លាននាក់។

លោកអនុប្រធានទី១អាជ្ញាធរមីន បានលើកឡើងផងដែរថា៖ការទទួលបានជោគជ័យដ៏ធំធេងលើវិស័យមីន៣០ឆ្នាំនេះ មានការចូលរួមពីប្រទេសជាមិត្តជាម្ចាស់ជំនួយ ជាច្រើនដូចជា អូស្រ្តាលី ជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ ស្វីស ន័រវេស្ស ចិន អៀកឡង់ នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ ហុងគ្រី ឥណ្ឌា កាណាដា អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប អេស្ប៉ាញ ស៊ុយអែដ អូទ្រីស បែលហ្សិក បារាំង ហូឡង់ ហុងគ្រី និងដាណឺម៉ាក ព្រមទាំង HDR & D មូលនិធិអង្គការសង្គមស៊ីវិល វិស័យឯកជននិងសប្បុរសជន។

ចំណែកម្ចាស់ជំនួយនាពេលបច្ចុប្បន្នមាន៖ សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អូស្រ្តាលី អាល្លឺម៉ង់ ន័រវេស្ស ស្វីស ចិន កាណាដាណូវែលសេឡង់ សាធារណរដ្ឋកូរ៉េ អៀរឡង់ ឥណ្ឌា UNDP និង HDR&D ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។ចំពោះវិស័យឯកជន រួមមាន AmCham, Khmer Times, MBCC, TAFTAC ដែលចូលរួមផ្ទាល់ជាមួយអាជ្ញាធរមីនហើយប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិ រួមមាន៖ កងយោធពលខេមរភូមិន្ទ មជ្ឈមណ្ឌលជាតិ NPMEC, CMAC, អង្គការ MAG, អង្គការ HALO Trust, អង្គការ NPA, អង្គការ APOPO, អង្គការ CSHD និងអង្គការស្ម័គ្រចិត្តមួយចំនួនទៀត ។

លោកទេសរដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសនេះ លើកឡើងទាក់ទងនឹងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣–២០២៨ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន នៅកម្ពុជា ។ លោកបានបន្តថា សន្និបាតគណបក្សកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បានគាំទ្រ និងចូលរួមសកម្មដើម្បីសម្រេចនូវ “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន” ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

គោលដៅនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៧ ទាក់ទងវិស័យមីន គឺជំរុញការអនុវត្ត “កម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥និងកាត់ បន្ថយគ្រាប់មិនទាន់ផ្ទុះឲ្យបានជាអតិបរមា”។

ទាក់ទងនឹងគោលដៅនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ ដើម្បីឲ្យឆ្នាំ២០២៥ កម្ពុជាគ្មានគ្រាប់មីន ការផ្តល់ដីដោយសុវត្ថិភាព និងដោយស្នាមញញឹមសម្តេចបានអំពាវនាវសប្បុរជនមេត្តាបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព។ សូមឲ្យឆ្នាំ២០២៥ក្លាយជាឆ្នាំគ្មាន មនុស្សស្លាប់ របួស និងជាឆ្នាំប្រកបដោយស្នាមញញឹមបន្ទាប់ពីរងគ្រោះដោយសារគ្រាប់មីនរយៈពេល ៥៥ឆ្នាំ(១៩៧០–២០២៥)៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News