តុលាការចេញដីកាបង្គាប់ឲ្យឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ អតីតអភិបាលខេត្ត ចូលខ្លួនពាក់ព័ន្ធឆបោកទិញដីជាង១០ហិកតា នៅខណ្ឌព្រែកព្នៅ

📍គេហទំព័រ ផែនដីថ្មី|PDT-News.com ជំនួយការ☎️Tel/tegram(855) 12 296 494 #PDTបានពឹងអ្នកច្បាប់ច្រើនរូបត្រៀមក្នុងករណីចាំបាច់ #មិត្តអ្នកសារព័ត៌មានជួបបញ្ហា☎️PDTមិត្តជួយមិត្ត

ភ្នំពេញ៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានចេញដីកាបង្គាប់ឲ្យ លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ យចូលខ្លួនទៅតុលាការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីឆបោកទិញដីជាង១០ហិកតា នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

នៅក្នុងដីកាបង្គាប់ឲ្យចូលខ្លួនដែលចេញដោយលោក កូយ សៅ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក ស ថាវី បានទទួលប្រាក់ពីគេចំនួន ២០ម៉ឺនដុល្លារ នៅអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក្នុងអំពើឆបោកតាមរយៈការទិញ លក់ដីជាង១០ហិកតា ដែលមានទីតាំងស្ថិតនៅភូមិសំរោង ភូមិសំរោងជើង ភូមិសំរោងត្បូង និងភូមិសំរោងកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដែលជននេះអះអាងថា ដីនោះជាកម្មសិទ្ធិរបស់ខ្លួនបានពីការ ប្រមូលទិញពីប្រជាពលរដ្ឋ។

នៅក្នុងដីកាដដែលនោះ បានកំហិតថា ក្នុងករណីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បុគ្គលឈ្មោះ ស ថាវី មិនចូលខ្លួនទៅកាន់តុលាការទេនោះ ចៅក្រមស៉ើបសួរ នឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្ដង។

លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅឆ្នាំ២០២០ បានសម្រេចចោទប្រកាន់លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការលួចលក់ដីមិនមែនជារបស់ខ្លួន នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ហើយពេលនោះ តំណាងអយ្យការបានចោទប្រកាន់លោក ស ថាវី ពីបទ «ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន»។

សូមរំលឹកថា លោក ស ថាវី ជាមន្រ្តីយោធាជាន់ខ្ពស់ម្នាក់ដែលធ្លាប់មានឈ្មោះនៅក្នុងបញ្ជីរបស់តុលាការ ហើយក៏ធ្លាប់ត្រូវបានតុលាការកោះហៅនាពេលកន្លងទៅ ដោយបុគ្គលនេះបានប្រព្រឹត្ត និងឃុបឃិតគ្នាជាមួយបក្ខពួកពាក់ព័ន្ធករណីឆបោករឿងដីធ្លីនេះ។ ក្នុងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា, លោក ស ថាវី ក៏ត្រូវបានសាលាដំបូងខេត្តសៀមរាប កោះហៅទៅសួរនាំផងដែរ កាលពីឆ្នាំ២០២៤ផងដែរ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News